នៅ​យប់​ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​លេខ៥​ និង​ជា​ប្រធាន​គណៈ​ទ្រទ្រង់ សមាគម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) លោក​បណ្ឌិត ស៊ុ​ផា​ឆ័យ វីរៈ​ភុជង្គ ព្រមទាំង​ក្រុម ការងារ​ក្រុម​កីឡាករ​ទាំងអស់ បានមក​ជួបជុំគ្នា​នាឱកាស​ពិធីជប់លៀង​ប្រចាំឆ្នាំ នៅ​ភោជនីយដ្ឋាន La Coupole ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ភ្នំពេញ។

នាឱកាស​ដ៏​វិសេសវិសាល​នេះ លោក​បណ្ឌិត ស៊ុ​ផា​ឆ័យ វីរៈ​ភុជង្គ បានមាន​ប្រសាសន៍​ផ្ដែផ្ដាំ​ដល់​កីឡាករ​ទាំងអស់ ដោយពោលពាក្យពេចន៍​លើកទឹកចិត្ត​ថា ក្នុងនាម​ជា​កីឡាករ យើង​ត្រូវ​ប្រកួត​ដោយ​ស្មារតី​ជា​ក្រុម យើងប្រកួត​ប្រកបដោយ​ភាពជោគជ័យ មិនមែនជា​ការប្រកួត​ដោយ​ប្រើ​ស្មារតី​តែ​ចង់​ឈ្នះចង់​ចាញ់​នោះទេ។ កីឡាករ​ត្រូវបង្កើត​សមត្ថភាព​ប្រកួត​របស់ខ្លួន និង​វិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា Superstar ដែល​អាច​យកឈ្នះ​ចិត្ត​របស់​មហាជន​អ្នកទស្សនា​បាន ឱ្យ​ពួកគាត់​បានកត់សម្គាល់ និង​ចងចាំ​ពី​សមត្ថភាព​ពិត​របស់​យើង។

លោក​បណ្ឌិត ស៊ុ​ផា​ឆ័យ វីរៈ​ភុជង្គ

លោកក៏​បាន​សង្កត់ធ្ងន់ថា «ការ​ឈ្នះ​ធ្វើឱ្យ​យើង​សប្បាយចិត្ត​តែ​រយៈពេល ៥នាទី ការ​ចាញ់​ក៏​ធ្វើឱ្យ​យើង​ពិបាកចិត្ត​តែ៥នាទី ប៉ុន្ដែ​យើង​ត្រូវ​ស្វែងរក​កំហុស​នៃ​ការលេង ចេញពី​បទពិសោធ​ន៍ប​រា​ជ័យ​របស់​យើង ដើម្បីឱ្យ​យើង​បាន​ឆ្ពោះទៅ​គោលដៅ​ដែល​យើង​ជោគជ័យ​នៅ​ថ្ងៃក្រោយ។ យើង​ត្រូវ​លេង​ដោយ​សុ​វជី​ធម៌​​នៃ​អាជីពកីឡាករ»។

យ៉ាងណាមិញ លោក ខូវ ឆាយ អគ្គលេខាធិការ​សមាគម​បាល់ទាត់ Tiffy Army ក៏បាន​ឱ្យដឹង​បន្ថែមថា «ប្រធាន​សមាគម​​កីឡាករ និង​ក្រុមការងារ​ទាំងអស់ ត្រូវ​ដឹងថា ក្រុម​របស់​យើង​មិនមែន​លេង​ដោយ​ចង់​ឈ្នះ​ការប្រកួត​នោះទេ គឺ​យើង​ត្រូវ​លេង​ឱ្យ​ឈ្នះ​ចិត្ត​មហាជន​អ្នកគាំទ្រ​ជាមុនសិន។ មួយវិញទៀត យើងទាំងអស់គ្នា​តំណាងឱ្យ​យោធពលខេមរភូមិន្ទ និង​កងពលទ័ព​ទាំងមូល យើង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ជា​ចំបង។ យើង​មិន​ចង់​ទទួលយក​ជ័យជំនះ​ដោយ​ការគ្រប់គ្រង​ចិត្ត​មិនបាន​នៅពេល​ប្រកួត​នោះទេ។ យើង​គប្បី​ត្រូវគោរព​គោល​ការ​ជា​កីឡាករ​អាជីព និង​សម្លឹង​ទៅរក​ការគិត​របស់​កីឡាករល្បីៗរបស់ពិភពលោកដែល​ពួកគេ​បាន​ជោគជ័យ​រួចមកហើយ»។

លោក ខូវ ឆាយ

បន្ទាប់ពី​មានប្រសាសន៍​សំណេះសំណាល​និង​លើកទឹកចិត្ត​ដល់​កីឡាករ​ទាំងអស់​រួចហើយ លោក​បណ្ឌិត ស៊ុ​ផា​ឆ័យ វីរៈ​ភុជង្គ ក៏បាន​បង្ករ​ភាពសប្បាយ​រីករាយ ជាការ​ញាំ​ង​កម្មវិធី​ទាំងមូល​ឱ្យ​កាន់តែ​អ​ធឹ​កអធ​ម​ថែមទៀត ដោយ​លោក​បាន​បកស្រាយ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «ឆ្នាំមុន» និង​ផ្ដល់​កិត្តិយស​ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ទាំងអស់គ្នា រួមទាំង​ក្រុមការងារទាំងអស់​ផងដែរ៕

Telegram-Troryorng
Share.