កម្មវិធី​ «Sisters Who make Waves» គឺ​ជា​កម្មវិធី​ Reality Show ការ​ប្រកួត​ប្រជែង​របស់​​អ្នក​សិល្បៈ​ផ្នែក​នារី​ចំនួន​៣០​រូប​ ​​ដោយ​អ្នក​ឈ្នះ​ចំនួន​៧​រូប​ចុង​ក្រោយ​ ​នឹង​បង្កើត​ជា​ក្រុម​ចម្រៀង​មួយ​។ បន្ទាប់​ពី​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហើយ​ទទួល​បាន​ការ​គាំទ្រ​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ចំនួន​២​ ​រដូវ​កាល​កន្លងមក ស្រាប់​តែ​មាន​ដំណឹង​ចចាមអារ៉ាម​លេច​ឮ​ថា​កម្មវិធី​នេះ​ នឹង​ដាក់​ចេញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ផ្នែក​បុរស​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ថត​នៅ​កំឡុង​ខែកក្កដា​ឆ្នាំ​២០២១​ ខាង​មុខ​នេះ​។

ដំណឹង​នេះ​កាន់​តែ​ទាក់​ចិត្ត​អ្នក​គាំទ្រ​ខ្លាំង​ព្រោះ​តែ​តារា​កិត្តិយស​​បុរស​ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ខាង​លើ​នេះ​មាន​ឈ្មោះ​លោក​ Andy Lau ហៅ​ លីវ តឺហួរ​ ​ដែល​ទោះ​ជា​ឆ្នាំ​នេះ​មាន​វ័យ​៥៩​ឆ្នាំ​ហើយ​ក្ដី​ ក៏​អធិរាជ​ចម្រៀង​ហុងកុង​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ស្ថាបនិក​ដែល​នឹង​ដើរ​តួ​នាទី​ជ្រើសរើស​បេក្ខជន​។

ក្នុង​ដំណឹង​លេចឮ​នោះ​ក៏​ឈ្មោះ​តារា​ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​គឺ​សុទ្ធសឹង​ជា​ប្រុស​ស្អាត​និង​ជា​តារា​ដែល​មហាជន​ស្រលាញ់​ចូលចិត្ត​និង​គាំទ្រ​យ៉ាង​ខ្លាំង​មាន​ដូច​ជា​ Jerry Yan, Vic Chou, Jimmy Lin, Wu Chun, Jordan Chan, Mike He, Calvin Chen, Qin Hao, Chen Kun និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។

ក្រោយ​ដំណឹង​នេះ​បាន​លេច​ឮ​ខ្ចរខ្ចាយ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​ ​បាន​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​ Big Name ក្នុង​សិល្បៈ​​ថា​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​អាច​ទៅ​រួច​ណាស់​ ហើយ​ថែម​ទាំង​មិន​សម​នឹង​អាច​ក្លាយ​ជា​ពិត​ផង​ ជាពិសេស​រឿង​ដែល​ Andy Lau នឹង​ចូលរួម​​ក្នុង​កម្មវិធី​នេះ​។

«ក្រោយ​មើល​ឃើញ​ឈ្មោះ​រួច​ ខ្ញុំ​គិត​ថា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​នេះ​រវល់​ខ្លាំង​ណាស់​» នេះ​ជា​ការ​លើក​ឡើង​មួយ​ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ «ខ្ញុំ​មិន​ជឿ​ទេ​ថា​ Andy Lau នឹង​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ណាមួយ​នោះ​»​ ដោយ​អ្នក​ Comment រូប​នោះ​លើក​ឡើង​ថា​ដំណឹង​ចចាមអារ៉ាម​នេះ​បង្កើត​ឡើង​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ហ្វេន​ប៉ុណ្ណោះ​។ ខណៈ​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​លើក​ឡើង​ថា​មាន​តែ​រងចាំ​មើល​ប៉ុណ្ណោះ​ថា​តើ​ពិត​ដូច​ពាក្យ​ចចាមអារ៉ាម​ដែរ​ឬ​អត់?

សូម​បញ្ជាក់​ថា​កម្មវិធី​ «Sister Who Make Waves» គឺ​ជា​កម្មវិធី​ដែល​ចាក់​ផ្សាយ​លើ​ Mango TV ដែល​បាន​ផ្សាយ​រវាង​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​

Share.