ក្លិប​កីឡាបាល់​ទាត់ វិសាខា របស់​កម្ពុជា បាន​ចុះ​អនុស្សារណៈយោគយល់គ្នា (MOU) ជាមួយ​ក្លិប​ Dewa United FC របស់​ឥណ្ឌូណេស៊ី នា​រសៀល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ក្រោម​វត្តមាន​លោក​ជំទាវ កែ សួនសុភី ប្រធាន​ក្លិប​កីឡាបាល់ទាត់ វិសាខា និងថ្នាក់ដឹកនាំក្លិប Dewa United FC រួម​ទាំង​ក្រុម​ការងារ​នៃ​ក្លិប​ទាំង​ពីរ​ផង​ដែរ។

លោកជំទាវ កែ សួនសុភី បានមានប្រសាសន៍ថា៖​«នាងខ្ញុំក៏សង្ឃឹមថា ក្លិបទាំងពីរ នឹង​ជំរុញ​អោយ​មាន​ការ​ប្រកួត​មិត្តភាព និង​ដកស្រង់​បច្ចេកទេស រវាង​ក្រុម​ឈុតធំ និង​ឈុត​ធំ និង​រវាង​ក្រុម​យុវជន​ និង​យុវជន ដើម្បី​ទាក់ទាញ​ពី​មជ្ឈដ្ឋាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ សម្រាប់​ជា​ប្រយោជន៍​របស់​ក្លិប​ទាំង​ពីរ ក្នុង​ការ​ផ្សព្វផ្សាយ​លើ​ភាព នៃ​ការ​អភិវឌ្ឍ និង​រឹត​ចំណង​មិត្តភាព រវាង​ក្លិប និង​ក្លិប​ ក៏​ដូចជា​រវាង​ប្រទេស និង​ប្រទេស​ផង​ដែរ»។

ប្រធាន​ក្លិប​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២សម័យកាល​​បន្ថែម​ថា៖«តាម​រយៈ​ការ​ចុះ MOU ជាមួយ​ក្លិប Dewa United FC នាង​ខ្ញុំ​សង្ឃឹម​ថា ​នឹង​ផ្ដល់​នូវ​កិច្ចសហប្រតិបត្តិការ​មួយ​ដ៏​ល្អ ក្នុង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ បច្ចេកទេស ការគ្រប់គ្រង ការ​អភិវឌ្ឍ ទាំង​ធនធាន​មនុស្ស​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​ទាំង​ជំនាញ​ផ្សេងៗ ដូចជាជំនាញទីផ្សារ ជំនាញ​ពេទ្យ​ និង​ការ​ផ្សព្វផ្សាយ​ជាដើម ដើម្បី​ជំរុញ​ការ​អភិវឌ្ឍក្លិបទាំងពីរ អោយកាន់តែរីកចម្រើន និង​ទទួល​បាន​ជោគជ័យ​នាថ្ងៃ​អនាគត» ។

«នេះគឺជាកិច្ចសហប្រតិបត្តិការលក្ខណៈអន្ដរជាតិថ្មីមួយទៀត របស់ក្លិបយើង ក្រោយបង្កើតឡើង កាលពីឆ្នាំ២០១៦ ហើយកន្លងមកក្លិបរបស់យើង ក៏ធ្លាប់សហការជាមួយបណ្ដាក្លិបមួយចំនួន ដូចជានៅថៃ និងជប៉ុន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ការគ្រប់គ្រង និងការអភិវឌ្ឍនេះផងដែរ»។ លោក​ជំទាវ​ប្រធាន​ក្លិប​បន្ថែម៕

Telegram-Troryorng
Share.