ដូចមហាជនបានដឹងមកហើយថា តារាចម្រៀងស្រី វ៉ាន់ នីឡា ធ្លាប់ជាអតីតតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មភ្លេង Records ដែលនៅក្នុងនោះមានតារាចម្រៀងយុវវ័យជាច្រើនដួង ក៏ធ្លាប់ជាដៃគូដ៏ល្បីចម្រៀងរួមគ្នាជាមួយកញ្ញា វ៉ាន់ នីឡា ដូចជា លោក ម៉ុង ម៉ានិត និងលោក ដួង វិរៈសិទ្ធ។

រហូតមកទល់ពេលនេះ លោក ម៉ុង ម៉ានិត ក្រោយបញ្ចប់កុងត្រាជាមួយផលិតកម្មភ្លេង Records ក៏ដូចជាក្រុមហ៊ុនហង្សមាស លោកបានក្លាយជាតារាចម្រៀងឯករាជ្យ ដោយបានតាក់តែងនិពន្ធបទចម្រៀង និងបញ្ចេញចម្រៀងនៅលើបណ្ដាញសង្គមដោយខ្លួនឯង។ លោក ម៉ានីត ក៏បានបន្ថែមអាជីពមួយទៀត ជាអ្នកនិពន្ធសៀវភៅប្រលោមលោក។ លោកធ្លាប់មានបទចម្រៀងល្បីៗជាច្រើនជាមួយកញ្ញា វ៉ាន់ នីឡា ដូចជាបទ Closer , Pink Day និងបទល្បីខ្លាំងបំផុតនោះគេបទ «ស្នេហ៍ក្បែរផ្ទះ»។ អ្នកទាំងពីរក៏ធ្លាប់ត្រូវបានផលិតកម្មបញ្ចេញ​អាល់ប៊ុម​ចម្រៀង​រួមគ្នាផងដែរ។

ងាកមកលោក ដួង វិរៈសិទ្ធ វិញ សព្វថ្ងៃនេះលោកជាតារាចម្រៀងប្រចាំផលិតកម្មរាមទៅហើយ បន្ទាប់ពីលោកមិនបានបន្តកុងត្រាជាមួយផលិតកម្មហង្សមាសទៀត។ អតីតកាលពេលដែលជ្រកទ្រនំរួមគ្នាជាមួយកញ្ញា វ៉ាន់ នីឡា អ្នកទាំងពីរក៏ធ្លាប់មានអាល់ប៊ុមរួមគ្នាផងដែរ និងបានបញ្ចេញបទឆ្លងឆ្លើយគ្នាយ៉ាងពីរោះជាច្រើនបទ ដែលសុទ្ធសឹងជាបទចាក់ដោតអារម្មណ៍យុវវ័យទាំងអស់។

លោក ម៉ានិត
លោក ដួង វិរសិទ្ធ

យ៉ាងណាមិញ បើទោះបីជាច្រើនឆ្នាំកន្លងមកនេះមានរឿងរ៉ាវជាច្រើនបានផ្លាស់ប្ដូរអស់ហើយ តែតារាចម្រៀងស្រី វ៉ាន់ នីឡា បានផ្ដល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានត្រយងថា «ខ្ញុំនៅតែនឹករលឹកដល់ពួកគាត់ដែលធ្លាប់ជាដៃគូចម្រៀងចាស់ ប្រសិនបើមានឱកាស គឺខ្ញុំចង់ចេញចម្រៀងជាមួយពួកគាត់ម្ដងទៀត។ បើទោះបីពេលនេះ យើងមិនជ្រកផលិតកម្មរួមគ្នាទៀតមែន ប៉ុន្តែទំនាក់ទំនងពួកយើង នៅតែល្អនឹងគ្នា នៅតែបន្តរាប់អានគ្នាតាមរយៈបណ្ដាញសង្គមដដែរ»។ កញ្ញា វ៉ាន់ នីឡា បានរំពឹងថា ថ្ងៃណាមួយ កញ្ញាអាចនឹងមានឱកាសវិលមកច្រៀងរួមគ្នាជាមួយលោក ម៉ុង ម៉ានីត និងលោក ដួង វិរៈសិទ្ធ ជាថ្មីម្ដងទៀត ដើម្បីរំលឹកអនុស្សាវរីយចាស់ឱ្យហ្វេនអ្នកគាំទ្របានសប្បាយចិត្ត៕

Telegram-Troryorng
Share.