កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ សាធារណជន​ ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ប្រាកដ​ជា​បាន​ជ្រាប​រឿង​ចំនួន​ពីរ​​ដែល​ផ្ទុះ​បាន​​ការ​ចាប់​អារម្មណ៍​​លើ​បណ្ដាញ​អ៊ិនធឺណិត​ ដោយ​រឿង​ទីមួយ​នោះ​គឺ​តារា​ចម្រៀង​ល្បី​​លោក ខេមរៈ សិរីមន្ត​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ ប៉ុន្តែ​លោក​ ឌួង ឆាយ​ បែរ​ជា​បាត់​បង់​តួ​នាទី​សំខាន់​មួយ​ទៅវិញ​។

យោងតាម​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហមុនី​ បាន​តែងតាំង​តារា​ចម្រៀង​ល្បី​រូប​នេះ​ឱ្យ​មាន​គោរម​ងា​ជា​ឧកញ៉ា ដោយ​​បាន​ចេញ​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។

ប៉ុន្តែ​បើ​ងាក​មក​មើល​ពី​បុគ្គល​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ គឺ​លោក​ ឌួង ឆាយ ដែល​ធ្លាប់​មាន​ងារ​ជា​ឧកញ៉ា​ដែរ​នោះ ហាក់ផ្ទុយ​គ្នា​ស្រឡះ​ ព្រោះ​នៅ​ក្នុង​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​កាល​ពី​ម្សិលមិញ​នេះ​ បុគ្គល​ល្បី​លើ​អនឡាញ​រូប​នេះ​ត្រូវ​បាន​​ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ប្រធាន​​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​​ស្រុក​ចំការ​លើ​ សម្រេច​បញ្ចប់​តួនាទី​អនុប្រធាន​​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ​ ដែល​សេចក្ដី​សម្រេច​នេះ​បាន​ចេញ​នៅ​ក្នុង​ថ្ងៃ​ទី​១៧​ តែម្ដង​។​

Telegram-Troryorng
Share.