ក្លិប​បាល់ទាត់​ភ្នំពេញក្រោន នៅ​រាត្រី​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ប្រកាស​ថា​ខ្សែ​ការពារ កុក បូរី ត្រូវ​បាន​ក្លិប​បាល់ទាត់​ Sarawak United FC សមាជិក​លីគ​កំពូល​នៃ​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ខ្ចី​ជើង​១រដូវកាល ខណៈ​រូប​គេ​ជា​​កីឡាករ​កម្ពុជា ដំបូង​គេ​ចេញ​ទៅ​ប្រកួត​អាជីព​នៅ​ក្រៅ​​ប្រទេស​ក្នុង​ឆ្នាំ​២០២២ នេះ។

កុក បូរី ជា​កីឡាករ​ខ្មែរ​ទី៥ហើយ ដែល​ចេញ​ទៅ​ប្រកប​អាជីព​ក្នុង​ទីផ្សារ​កីឡាករ​អាស៊ាន ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី បន្ទាប់​ពី​កីឡាករ ចាន់ វឌ្ឍនា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង​ធារី ចន្ថាប៊ីន នាពេល​កន្លង​ទៅ។

ក្លិប Sarawak United FC មាន​មូលដ្ឋាន​នៅ​​រដ្ឋ Sarawak មាន​ឈ្មោះ​ចូលរួម​លីគ​កំពូល​ម៉ាឡេស៊ី ដំបូង​នៅ​ឆ្នាំ​២០២២ នេះ​តែ​ម្តង​ ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​រង​នៃ​ពានរង្វាន់​លីគ​លំដាប់​ទី២​របស់​ម៉ាឡេស៊ី Malaysia Premier League រដូវកាល​ឆ្នាំ​២០២១។

បូរី ជា​កូនខ្មែរ​មក​ពី​ប្រទេស​បារាំង ដែល​វីរៈបុរសកម្ពុជា​លោកគ្រូ ប៉ែន ផាត នាំ​មក​ឡង់សេ​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ​២០១២ ហើយ​រូប​គេ​ជា​កីឡាករ​មួយរូប​ក្នុង​ចំណោម​៤ ដែល​ត្រូវ​បាន​ក្លិប​នៅ​កម្ពុជា​ ចុះ​កិច្ចសន្យា​យក ដោយ​កាល​នោះ​​មាន ធារី ចន្ថាប៊ីន, គួច ដានី, កុក បូរីស ចូលរួម​ភ្នំពេញក្រោន និង​ ប៉ែន ស្តេហ្វេន (កូន​ប្រុស​លោក​ប៉ែន ផាត) ចូលរួម​ក្រុម​ណាហ្គាវើល។

បូរី ​ជា​កីឡាករ​បរទេស​ទី៣ នៅ​ក្នុង​ក្រុម Sarawak United FC បន្ទាប់​ពី​​កីឡាករ​នីហ្សេរីយ៉ា Uche Agba និង​កីឡាករ​តុងហ្គាFrancis Koné៕

Telegram-Troryorng
https://t.me/troryorngmedia
Share.