ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល​ ម្ចាស់​ផ្ទះ​ឥណ្ឌា ហុងកុង និង​អាហ្វហ្គានីស្ថាន ក្នុង​វគ្គ​ជម្រុះ​​ជុំទី៣ ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Asian Cup 2023។

សូម​បញ្ជាក់​ថា​រូបមន្ត​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីបAFC Asian Cup 2023 ​មាន៖
១) វគ្គ​ជម្រុះ​៖ កម្ពុជា ប៉ះ​កោះហ្គាម និង​ឥណ្ឌូណេស៊ី ប៉ះ​តៃវ៉ាន់។ អ្នក​ឈ្នះ​​ទាំង​២​ប្រកួត​នេះ​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំទី២។ ដូច្នេះ​កម្ពុជា និង​​ឥណ្ឌូណេស៊ី មាន​ឈ្មោះ​ឡើង​ទៅ​លេង​ប្រកួត​វគ្គ​ជម្រុះ​ជុំទី២។

២) វគ្គ​ជម្រុះ​ជុំ​ទី២៖ មាន​ក្រុម​២២ នៅ​រង់ចាំ ដោយ​ត្រូវ​បែងចែក​ជា​៦​ពូល (១ពូល​មាន​៤ក្រុម)។ ក្រុម​ដែល​រង់ចាំ​​មាន​អ៊ូបេគីស្ថាន, ហ្សកដានី, បារ៉ែន,ជីគីស្ថាន, ប៉ាឡេស្ទីន,​ឥណ្ឌា, ថៃ, គីហ្ស៊ីស្ថាន, ហ្វីលីពីន, ទួរមេនីស្ថាន, មីយ៉ាន់ម៉ា, ហុងកុង, យេមែន, គុយវ៉ែត, អាហ្វហ្គានីស្ថាន, ម៉ាឡេស៊ី, ម៉ាល់ឌីវ,​សិង្ហបុរី, នេប៉ាល់, បង់ក្លាដេស, ម៉ុងហ្គោលី និង​ស្រីលង្កា បូក​កម្ពុជា និង​ឥណ្ឌូណេស៊ី។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​ក្រុម​ទាំង​២៤ ក្រោម​ចាប់​ឆ្នោត​បែងចែក​ពូល​រួចរាល់​នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ នេះ​៖

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​បាន​ជ្រើសរើស​ប្រទេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រួចរាល់​ហើយ​ដោយ ​ពូល A​ប្រកួត​នៅ​ គុយវែត, ពូល B ម៉ុងហ្គោលី, ពូល C អ៊ូបេគីស្ថាន, ពូល D ឥណ្ឌា, ពូល E ម៉ាឡេស៊ី, ពូល F នៅ​គីជីស្ថាន។

៣) វគ្គ​​ប្រកួត​ចុងក្រោយ​​២៤​ក្រុម​នៅ​ប្រទេស​ចិន៖
ពេល​នេះ​មាន​ក្រុម​ចំនួន​១៣​ក្រុម​ទៅ​ហើយ​មាន​ឈ្មោះ​ទៅ​ប្រកួត​មុន​គេ ដោយ​ក្នុង​នោះ​មាន​ចិន (ម្ចាស់​ផ្ទះ) ជប៉ុន,​ស៊ីរី,កាតារ,​កូរ៉េខាងត្បូង,​អូស្ត្រាលី,​​អ៊ីរ៉ង់,​អារ៉ាប់រួម,​អារ៉ាប៊ីសាអ៊ូឌីត,​អ៊ីរ៉ង់,​អូម៉ង់,វៀតណាម​និង​លីបង់។ ក្រុម​ទាំង​អស់​សុទ្ធ​តែ​ជា​ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​ទី៣ ប្រចាំ​ទ្វីប​វគ្គ​ជម្រុះ​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar។

ដូច្នេះ​បើ​បូក​ទាំង​ក្រុម​ខ្លាំង​ទាំង​១១ក្រុម​មក​ពី​វគ្គ​ជម្រុះ​ជុំទី២ ធ្វើ​ឱ្យ​វគ្គ​នេះ​មាន​ក្រុម​សរុប​២៤ក្រុម ដោយ​ត្រូវ​បែងចែក​ជា​​ពូល​ដើម្បី​ប្រកួត​ជម្រុះ​ជា​បន្ត។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​នេះ​បាន​១លើក​កាល​ពី​ឆ្នាំ​១៩៧២ ដែល​កាល​នោះ​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ប្រទេស​ថៃ។ កម្ពុជា បាន​ចាញ់​អ៊ីរ៉ង់ ២ទល់១ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​គ្រា​នោះ ហើយ​បាន​បន្ត​ចាញ់​ម្ចាស់​ផ្ទះ​ថៃ នៅ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ ដោយ​បាល់​ប៉េណាំងទី​កាត់​សេចក្តី​៥ទល់៣ ក្រោយ​ប្រកួត​គ្នា​ពេញ​ម៉ោង​ស្មើ ២ទល់២៕

Telegram-Troryorng
https://t.me/troryorngmedia
Share.