ខ្សែ​ការពារ ហុង ផេង របស់​ក្រុម​បឹងកេត បាន​ប្រកាស​ពី​ការ​ព្យូរ​ស្បែក​ជើង​របស់​ខ្លួន​ពី​អាជីព​កីឡាករ​បាល់ទាត់ ក្រោយ​ចំណាយ​ពេល​១០​ឆ្នាំ​លើ​ទីលាន ខណៈ​ការ​ប្រកាស​នេះ​គឺ​ធ្វើ​ឡើង​នៅ​​ក្នុង​ប្រកួត​បើក​ឆាក​​រដូវកាល​ឆ្នាំ​២០២២ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ពេល​ក្រុម​បឹងកេត បើក​ទ្វា​ទទួល​ក្រុម​ណាហ្គាវើល រសៀល​ថ្ងៃ​សៅរ៍ ទី ៥ ខែ​មីនា ឆ្នាំ​២០២២។

កីឡាករ ហុង ផេង បាន​ចាយ​ពេល​រស់​នៅ​ជាមួយ​បឹងកេត ជាង​៧ឆ្នាំ បន្ទាប់​ពី​ចាកចេញ​ពី​ភ្នំពេញក្រោន នៅ​ឆ្នាំ​២០១៤។ រូប​គេ​ក៏​ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចន្លោះ​ឆ្នាំ​២០១៤​ដល់​២០២០ ផង​ដែរ។

កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង រូប​នេះ​បាន​​ចូលរួម​បំពេញ​ការ​សិក្សា​គ្រូ​បង្វឹក​កម្រិត AFC B License កាល​ពី​ពេល​ថ្មីៗផង​ដែរ ក្រោយ​ខ្លួន​ឈាន​ដល់​វ័យ​៣២​ឆ្នាំ។ យ៉ាងណាក្ដី​រូប​គេ​ត្រូវ​បាន​ក្លិប​បឹងកេត ​ផ្ដល់​ទំនុក​ចិត្ត​ដឹកនាំ​ក្រុម​បាល់ទាត់​ឈុត​យុវជន​ក្រោម​អាយុ​១៥ឆ្នាំ​ផង​ដែរ។

ក្រោយ​ចូល​និវត្តន៍​កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា៖«រយះពេល៧ឆ្នាំជាមួយក្លិបបឹងកេត ពិតជាទទួលបានអារម្មណ៍​កក់ក្ដៅ​ពី​បងស្រីប្រធានក្លិប ថ្នាក់ដឹកនាំ ក្រុមការងារ លោកគ្រូ គ្រូពេទ្យ និងកីឡាករបឹងកេតទាំងអស់ប៉ុន្តែដោយ​សារ​បញ្ហារបួសធ្វើអោយរូបខ្ញុំមិនអាចបន្តអាជីបនេះបានទៀតជូនពរអោយក្លិបបឹងកេតទទួលបានជ័យជំនះនិងលទ្ធផលល្អហើយក៏អរគុណ​ពុកម៉ែបងប្អូនអ្នកគាំទ្រក្លិបបឹងកេត អ្នកគាំទ្ររូបខ្ញុំ អ្នកគាំទ្រវិស័យបាល់ទាត់ដែលតែងតែចំណាយពេលវេលានិងថវិកាដើម្បីចូលរួមគាំទ្រវិស័យមួយនេះជូនពរពុកម៉ែបងប្អូនសុខភាពល្អនិងប្រកបការងារជោគជ័យគ្រប់ភារះកិច្ចហើយក៏សង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តគាំទ្រក្លិបបឹងកេតនិងវិស័យនេះបន្តទៀត»៕

Telegram-Troryorng
Share.