២ប្រកួត​មុន​គេ​ក្នុង​ពានរង្វាន់​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ទៅ​ហើយ​នៅ​ថ្ងៃ​បើក​ឆាក​រសៀល​ថ្ងៃ​សៅរ៍ ទី៥ ខែ​មីនា ឆ្នាំ​២០២២ ខណៈ​ក្រុម​វិសាខា និង​បឹងកេត បាន​ជ័យជម្នះ​ដូចគ្នា។

ចំពោះ​ក្រុម​វិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ ដោយ​លទ្ធផល ៣ទល់១ លើ​ទីលាន​កីឡដ្ឋាន​ហនុមាន។ គ្រាប់​បាល់​ជ័យជម្នះ​របស់​វិសាខា រក​បាន​ដោយ​កីឡាករ​កូរ៉េខាងត្បូង Lee Jae Gun, ច្រឹង ពលរដ្ឋ និង កែវ សុខផេង ហើយ​គ្រាប់​បាល់​វាយ​បក​របស់​អង្គរថាយហ្គឺរ រក​បាន​ដោយ​កីឡាករ​ ជិន ណារៈ។

ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត វិញ​បាន​យក​ឈ្នះ​លើ​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ៣ទល់១ ដូចគ្នា ស្រប​ពេល​ដែល​ក្រុម​ណាហ្គាវើល រក​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី​១៩ ដោយ​កីឡាករ​ប្រេស៊ីល Eliel da Cruz ប៉ុន្តែ​ត្រូវ​ក្រុម​បឹងកេត វាយ​បក​៣គ្រាប់​វិញ​ដោយ​កីឡាករ ម៉ាត់ ណូរ៉ុន ២គ្រាប់​និង​កីឡាករ សៀង ចន្ធា ១គ្រាប់។

សម្រាប់​ប្រកួត​បន្ទាប់​​ក្រុម​​កងយោធពលខេមរភូមិន្ទ បើក​ទ្វា​កីឡដ្ឋាន​ខ.ភ.ម របស់​ខ្លួន​ទទួល​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញក្រោន នៅ​វេលា​ម៉ោង​៦:៣០នាទី​ល្ងាច​​ថ្ងៃ​ជាមួយ​គ្នា ស្រប​ពេល​គូ​ប្រកួត​រវាង​ព្រះខ័នរាជស្វាយរៀង ជាមួយ​គីរីវង់សុខសែនជ័យ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ប្តូរ​ទៅ​ធ្វើ​នៅ​ថ្ងៃ​៨មីនា ២០២២ ដោយ​សារ​ពាក់ព័ន្ធ​នឹង​កូវីដ-១៩៕

Telegram-Troryorng
Share.