កងកម្លាំងមានសមត្ថកិច្ចបានចាប់ខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលជាជនរួមគំនិតជាមួយនឹងស្វាមីឈ្មោះ ឃន ឈុនដារ៉ា ឬ ដែលសាធារណជនភាគច្រើនស្គាល់ថាជាអ្នកជំនួញជោគជ័យវ័យក្មេងនិងជាម្ចាស់អាជីវកម្ម Cafe Tube និង KOI នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ។

កូនស្រីបង្កើតឧកញ៉ា ហេង សៀ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅយប់ម្សិលមិញនេះមានឈ្មោះ តាំង គីមហៀង បន្ទាប់ពីអ្នកស្រីបានរួមគំនិតគ្នាជាមួយស្វាមី ក្នុងគោលបំណងបំផ្លាញកិត្តិយសនិងសេចក្ដីថ្លៃថ្នូរកញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ជាពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV និងជាតារាសម្ដែងផងដែរនោះ។

ការនាំខ្លួនស្ត្រីខាងលើធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
កម្លាំងសមត្ថកិច្ចបាននឹងបន្តតាមចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធផ្សេងទៀតដែលបានរួមគំនិតគ្នាប្រឌិតនិងបង្កាច់បង្ខូចកិត្តិយស កញ្ញា មាន ពេជ្ររីតាតាមរយៈការជួលមនុស្សឱ្យថតរូបអាសអាភាសហើយបញ្ចេញរូបភាពលើបណ្ដាញសង្គម និងបំភាន់មតិសាធារណជនថាជារូបរបស់កញ្ញាពិធីការិនី៕
