បាត់ដំបង៖ ទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរជាង ១០០នាក់ឲ្យមកស្រុកកំណើតវិញ ក្រោយប្រទេសរបស់ខ្លួនកំពុងមានវិបត្តិជំងឺកូវីដ-១៩មិនទាន់ធូរស្រាល។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បានបញ្ជាក់ឲ្យដឹងថា កម្លាំងពាក់ព័ន្ធចម្រុះ សហការគ្នាជាមួយភាគីទាហានថៃ នៅថ្ងៃទី ១០ ខែមីនា ព្រឹកមិញនេះ បានទទួលពលរដ្ឋខ្មែរប្រុសស្រីចំនួន ១៤៧នាក់ ឲ្យវិលមកស្រុកកំណើតវិញ ត្រង់ចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតា សែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋទាំង១៤៧នាក់ មានបុរស ៦០នាក់ ស្ត្រីចំនួន ៥៧នាក់ និងក្មេងចំនួន ៣០នាក់ ។​ ក្នុងនោះក្រុមគ្រូពេទ្យបានពិនិត្យរកឃើញក្មេងម្នាក់​ និងមនុស្សចាស់ម្នាក់វិជ្ចមានកូវីដ-១៩ ។

តាមការពិនិត្យរបស់គ្រូពេទ្យទៅលើពលរដ្ឋទាំង១៤៧នាក់ មានពលរដ្ឋចំនួន ១២០នាក់មានប័ណ្ណនិងបានចាក់វ៉ាក់សាំងការពារត្រឹមត្រូវ បានណែនាំអប់រំនិងអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។រីឯពលករដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ត្រូវក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលដើម្បីព្យាបាល និងធ្វើចត្តាឡីស័កតាម វិធានការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.