អាមេរិក – គូស្នេហ៍ Youtuber វ័យក្មេងពីររូប ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ក្រោយក្រោមបទចោទប្រកាន់ថាបានលាក់ខ្លួនមួយយប់នៅផ្សារទំនើប Target Store ដើម្បីថតវីដេអូដាក់ Youtube។
សារព័ត៌មាន Independent បានផ្សាយថាគូស្នេហ៍វ័យក្មេងដែលត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួននិងពិន័យជាទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លារនេះ ខាងប្រុសមានឈ្មោះ Johnson Larose វ័យ២៥ឆ្នាំ ចំណែកឯខាងស្រីមានឈ្មោះ Charlotte Fischer មានវ័យ២៤ឆ្នាំ។ អ្នកទាំងពីរត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈឆាណែល Saucy and Honey។
រឿងហេតុដែលបណ្ដាលឱ្យអ្នកទាំងពីរចាប់ខ្លួននោះគឺព្រោះតែពួកគេបានចូលរួមលេង Challenge មួយដែលតម្រូវឱ្យពួកគេចាំបាច់ត្រូវលាក់ខ្លួនក្នុងហាងទំនើប Exton Pennsylvania រយៈពេល២៤ម៉ោង រួចហើយថតសកម្មភាពទាំងអស់បង្ហោះនៅលើឆាណែលពួកគេ
វីដេអូដែលមានឈ្មោះថា «24 Hour Overnigth Challenge in Target» គឺជាវីដេអូដែលធ្វើឱ្យអ្នកទាំងពីរត្រូវប៉ូលិសចាប់ឃាត់ខ្លួន ហើយវីដេអូនេះគឺពួកគេបានលាក់ខ្លួនក្នុងទីនោះតាំងពីថ្ងៃទី២១ ខែកុម្ភៈមកម្ល៉េះ។
យោងតាមសារព័ត៌មាន Foxnews ក៏បានឱ្យដឹងដែរថាក្រៅពីទទួលពិន័យពីអាជ្ញាធរឱ្យបង់ប្រាក់២ម៉ឺន៥ពាន់ដុល្លារហើយនោះ អ្នកទាំងពីរក៏ជាប់បម្រាមហាមមិនឱ្យចូលក្នុងផ្សារទំនើបណាមួយនៅក្នុង Pennsylvania ផងដែរ។
យោងតាមសារព័ត៌មាន Dailymail ក៏បានឱ្យដឹងដែរថាអ្នកទាំងពីរនៅមិនទាន់រួចខ្លួននៅឡើយ ព្រោះត្រូវចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី២៤ ខែមីនា ម្ដងទៀត ហើយលទ្ធផលយ៉ាងនោះនៅមិនទាន់ដឹងនៅឡើយទេ។
«The 24 Hour For Challenge» ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា «24 hour Challenge» ឬក៏ «Overnight Challenge» បានកើតឡើងកាលមានឡើងកាលពីឆ្នាំ២០១៦ ហើយទទួលបានប្រជាប្រិយភាពនិងមានអ្នកចាប់អារម្មណ៍ខ្លាំងបំផុតនៅឆ្នាំ២០១៨៕
ប្រភព៖ dailymail, Foxnews, Independent