
ខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ជូនអត្តពលិកចំនួន២រូបទៅចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍«Asian Qualification Tournament» ស្វែងរកជើងខ្លាំងឡើងទៅប្រកួតកីឡាអូឡាំពិក Tokyo 2020 Olympic Gamesដែលធ្វើឡើងនៅទីក្រុង Amman ប្រទេសហ្សកដានី ពីថ្ងៃទី២១ ដល់២២ ខែឧសភា ឆ្នាំ២០២១ ចុងសប្ដាហ៍នេះ។
ដំណើរទៅប្រកួតនៅតំបន់អាស៊ីបែកខាងលិចមួយនេះ ដឹកនាំដោយលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ។ កីឡាកា រិនី ថិប កាសាន់ទ្រីនីកូល (Cassandre Nicole) កូនខ្មែររស់នៅសហរដ្ឋ អាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧ គីឡូ ក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។
លោក ឆយ យ៉ុងសុក និងកីឡាករ វ៉ា មិថុនា បានចេញដំណើរតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១១:៥៥យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ខណៈ លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ និងកីឡាការនី Cassandre Nicole ធ្វើដំណើរចេញពីសហរដ្ឋអាមេរិកឆ្ពោះទៅទីក្រុង Amman តែម្តង។

ព្រឹតិការណ៍ «Asian Qualification Tournament» ជាព្រឹត្តិការណ៍ជម្រុះកីឡាតេក្វាន់ដូផ្នែក WTF (តេក្វាន់ដូបែបកូរ៉េខាងត្បូង)ទៅប្រកួតកីឡាអូឡាំពិក Tokyo 2020 Olympic Gamesនៅប្រទេសជប៉ុន ចន្លោះខែកក្កដា ដល់ខែសីហា ខាងមុខ។ នៅមិនទាន់មានបញ្ជីឈ្មោះច្បាស់ពីប្រទេសដែលនឹងចូលរួមប្រកួតក្នុងវគ្គជម្រុះនៅឡើយទេ ប៉ុន្តែវិញ្ញាសាប្រកួតបែងចែកជា២ប្រភេទគឺសម្រាប់បុរស និងនារី។ ជាបឋមឃើញថាមានចំពោះបុរសនឹងប្រកួតលើគីឡូ -៥៨Kg, -៥៨Kg, -80Kg, +80Kg និងនារី ត្រូវប្រកួតលើគីឡូ -៤៩Kg, -៥៧Kg, -៦៧Kg, +៦៧Kg៕
