បាត់ដំបង ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងកាលពីពេលថ្មីៗនេះ ខណៈម្ចាស់ផ្ទះកំពុងដេកលង់លក់ក្នុងផ្ទះនៅវេលាទៀបភ្លឺ​ ឋិតត្រង់ចំណុចក្រុមទី០១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃុត ឈៀប ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ហើយផ្ទះដែលរងការបំផ្លាញនោះ ធ្វើពីឈើជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ទំហំ ៦មx៧ម ត្រូវបានអគ្គីភ័យបំផ្លាញអស់ទាំងស្រុង ។

តាមដំដីម្ចាស់ផ្ទះបានឲ្យដឹងថា​ នៅវេលាទៀបភ្លឺ ជនរងគ្រោះបានធុំឈ្ងៀម និងលឺសំឡេងផ្ទុះ រួចបង្កឲ្យមាការភ្ញាក់ឡើង ខំប្រមូលកូនចៅរត់ចេញពីផ្ទះស្ទើរតែមិនចង់ទាន់ ព្រោះភ្លើងបានឆាបឆេះសន្ធោសន្ធៅលឿនពេក។

សមត្ថកិច្ចបានបន្តថា អគ្គីភ័យនេះមិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែបានខូចខាតសម្ភារ និងទ្រព្យសម្បត្តិជាច្រើនរួមមាន ម៉ាស៊ីនបូមទឹកចំនួន ០៣គ្រឿង, ម៉ាស៊ីនដេរចំនួន ០២គ្រឿង កង់គោយន្តចំនួន០២គ្រាប់ ឯកសារអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ខ្សែកផ្លាកទីនមួយខ្សែ ចិញ្ចៀនមួយវង់ ប្រាក់ខ្មែរអស់ចំនួន ២,០០០,០០០ (ពីរលានរៀល) និងប្រាក់ដុល្លារអស់ចំនួន ៦,០០០ ដុល្លារ (ប្រាំមួយពាន់ដុល្លារ) ផងដែរ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.