បណ្ដាញ​សង្គម​ Weibo ​ចិន​កំពុង​តែ​ក្ដៅ​គគុក​ក្រោយ​បែក​ធ្លាយ​សំឡេង​សម្ងាត់​ Du Meizhu​ ​ដែល​ត្រូវ​ជា​អតីត​មិត្ត​ស្រី​ Khris Wu​ និង​ជា​អ្នក​ប្ដឹង​តារា​ល្បី​រូប​នេះ​រហូត​ជាប់​ឃុំឃាំង​ ​ដោយ​សារ​តែ​ក្នុង​សារ​នោះ​បាន​បង្ហាញ​ថា​នាង​គ្មាន​ភស្តុតាង​អ្វី​ចាប់​កំហុស​តារា​ប្រុស​រូប​នេះ​ឡើយ​ ដូច្នេះ​បាន​សេចក្ដី​ថា​នាង​កំពុង​តែ​សម្ដែង​ធ្វើ​ជា​ជន​រងគ្រោះ​​ក្នុង​គោល​បំណង​បំផ្លាញ​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​​អតីត​សមាជិក​ក្រុម​ចម្រៀង​ EXO រូប​នេះ​។​

Kris Wu

សារ​សំឡេង​នោះ​បាន​បញ្ជាក់​ថា​នាង​គ្មាន​ភស្តុតាង​អ្វី​ទៅ​ចោទ​ប្រកាន់​ Kris Wu នោះ​ឡើយ​ ហើយ​ឱកាស​ឈ្នះ​មាន​ត្រឹម​តែ ​៥០%​-​៥០% ​ប៉ុណ្ណោះ​​បើ​សិន​ជា​ត្រូវ​តវ៉ា​គ្នា​លើ​តុលាការ​។​ តាម​រយៈ​សារ​នោះ​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា​នាង Du Meizhu ​ធ្លាប់​បាន​ចរចា​ដើម្បី​ដោះដូរ​ប្រាក់​ពី​ Kris ​ចំនួន​៨​លាន​យ័ន​ ​តែ​មិន​បាន​សម្រេច​។​

​សារ​សំឡេង​ដែល​កំពុង​តែ​ក្លាយ​ជា​ភស្តុតាង​មួយ​ថ្មី​នេះ​បាន​បែក​ធ្លាយ​ចេញ​មក​ក្រៅ​ ដោយ​អតីត​មិត្តភក្តិ​របស់​នាង​ (Du Meizu) ​ក៏​ទម្លាយ​ចេញ​មក​ឲ្យ​សាធារណជន​បាន​ជា​ពិសេស​នោះ​​ក្នុង​សារ​សំឡេង​នោះ​អតីត​មិត្ត​ស្រី​របស់​ Kris Wu រូប​នេះ​បាន​និយាយ​ថា​ Kris ​មិន​ធ្លាប់​គេង​ជាមួយ​នឹង​អនីតិជន​នោះ​ទេ​ ​ហើយ​រូប​នាង​ក៏​មិនមាន​ភស្តុតាង​​អ្វី​ដែរ​។

ចំពោះ​ករណី​នេះ​ Du Meizhu បាន​ចេញ​មក​បដិសេធ​លើ​បណ្ដាញ​សង្គម​ Weibo ព្រម​ទាំង​ស្នើ​ឱ្យ​អ្នក​ដែល​តាមដាន​រឿង​នេះ​ទាំង​អស់​បន្ត​តាមដាន​ជា​បន្ត​ទៀត​ កុំ​អាល​កាត់​សេចក្ដី​ដរាប​ណា​​តុលាការ​មិន​ទាន់​កាត់​ក្ដី​។​

​បច្ចុប្បន្ន​ Kris Wu ​នៅ​តែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​ដើម្បី​ទុក​ឱកាស​ឲ្យ​ប៉ូលិស​ស៊ើបអង្កេត​ពី​ករណី​នេះ ​ប៉ុន្តែ​សមត្ថកិច្ច​ប៉ូលិស​មិន​បាន​រាយការណ៍​អ្វី​បន្ថែម​ទាក់ទង​នឹង​ករណី​នេះ​នៅ​ឡើយ​ទេ​ ខណៈ​ដែល​សាធារណជន​កំពុង​តែ​រង់​ចាំ​និង​ចង់​ដឹង​ការ​ពិត​ពាក់ព័ន្ធ​នឹង​រឿង​នេះ​៕

ប្រភព៖ KBIZoom

Telegram-Troryorng
Share.