ជា​យូរ​លង់​ណាស់​មក​ហើយ​ ប្រទេស​កម្ពុជា​យើង​ មាន​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​អនេក​ សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​លេង​កម្សាន្តនៅ​ពេល​ទំនេរ ពេល​មាន​​ពិធី​បុណ្យទាន​តូច-​ធំ​ ផ្សេងៗ​ មាន​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ ​ជា​ដើម​ ជាប់​ជា​ប្រពៃណី​ត​រៀង​រហូត​មក​។ ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​ ​សូម​លើក​យក​ប្រវត្តិ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ គឺ​​ល្បែង​ស្ដេច​ចង់​ឬ​ល្បែង​អៀវ មក​ជម្រាប​ជូន​ដូច​ខាង​ក្រោម​៖​

យោង​តាម​​សៀវភៅ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ រៀបរៀង​ដោយ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ បោះ​ពុម្ព​នៅ​ថ្ងៃ​ទី​១៥​ មេសា​ ឆ្នាំ​១៩៦៤​ បាន​សរសេរ​រៀបរាប់​ពី​ល្បែង​ស្ដេច​ចង់​ឬ​ល្បែង​អៀង​ថា គឺ​ជា​ល្បែង​មួយ​យ៉ាង​​ដែល​ពួក​កុមារា​-កុមារី​ជំទង់​ៗ​ គ្រប់​ភូមិ-ស្រុក ទូទាំងកម្ពុជរដ្ឋ​ តែង​លេង​នៅ​ពេល​ទំនេរ​នា​វេលាយប់​ខែ​ភ្លឺ​។ អ្នក​លេង​មាន​ប្រុស​មាន​ស្រី​ច្រើន​នាក់​មិន​កំណត់​។ ពេល​គេលេង​គេ​ចែក​ជា​២ពួក​ មាន​ពួក​ប្រុស​១​ពួក​ និង​ពួក​ស្រី​១​ពួក​។ ក្នុង​បណ្ដា​អ្នក​លេង​ទាំង​ពីរ​ពួក​នោះ​ គេ​តាំង​ប្រុស​ម្នាក់​ឬ​ស្រី​ម្នាក់​ឱ្យ​ធ្វើ​ជា​ស្ដេច​ ឱ្យ​អង្គុយ​នៅ​ទីមួយ​ចំ​កណ្ដាល​ទី​ អាច​លើ​កៅអី​ថ្ម​ ឬ​លើ​វត្ថុ​អ្វី​មួយ​ មាន​ត្បាល់​ជា​ដើម​។

កាល​អ្នក​ធ្វើ​ស្ដេចអង្គុយ​ លើ​ទីដ៏សមគួរ​មួយ​ហើយ​ ខាងស្រី​​គេ​ឱ្យ​ខាង​ស្រី​ម្នាក់​ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្ដេច​ថា​ ខ្លួន​ស្រឡាញ់​ឈ្មោះ​ណាមួយ​ ឧបមា​ថា​ឈ្មោះ​ «ក» ឬ «១» ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ​ឬ​ក៏​មក​ឈរ​នៅ​កន្លែង​ដើម​វិញ​។ ខាង​ប្រុស​គេ​ឱ្យ​ប្រុស​ម្នាក់​ដើរ​ចូល​ទៅ​រក​ស្ដេចដែរ​ ប្រសិន​ជា​មិន​ចំ​ឈ្មោះ​ដែល​គេ​ខ្សឹប​ទុក​ជា​មុន​ទេ​ក៏​ហី​ទៅ​ តែ​បើ​ប្រុស​ដែល​មក​នោះ​ចំ​ឈ្មោះ​ដែល​ស្រី​គេ​បាន​ខ្សប​នោះ​មែន​ ស្ដេចស្រែក​ថា​ «អៀវៗ» ហើយ​ឱ្យ​ស្រី​នោះ​ជិះ​ប្រុស​នោះ​តម្រង់​រក​ទី​កន្លែង​គេ​ កំពុង​ជិះ​​គេ​ស្រែក​ថា​ «អៀវៗ»​ ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​នៅ​កន្លែង​ខាង​ស្រី​។ រួច​ហើយ​ខាង​ប្រុស​គេ​ឱ្យ​ប្រុស​ ខាង​គេ​ម្នាក់​ចូល​ទៅ​ខ្សឹប​ម្ដង​ បើ​ប្រុស​នោះ​ចូល​ទៅ​ខ្សឹប​ថា​ «ខ្ញុំ​ស្រលាញ់​ខាង​ណា​មួយ​ ឧបមា​ថា​ឈ្មោះ​ (ខ) ខ្សឹប​ហើយ​គេ​ថយ​ទៅ​វិញ​ បើស្រី​ម្នាក់​ឈ្មោះ​ (ខ) ចូល​ទៅ​មែន​ ស្ដេច​ស្រែក​ថា​ (អៀវៗ) ហើយ​ឱ្យ​ប្រុស​នោះ​ជិះ​ស្រី​នោះ​ ស្រែក​ថា​ (អៀវៗ​) ដូច​គ្នា​»។ បាន​សេចក្ដី​ថា​ បើ​ខាង​ណា​ចូល​ទៅ​ខ្សឹប​ថា​ ខ្លួន​ស្រឡាញ់​ឈ្មោះ​ «ក» ហើយ​បែរ​ជា​ ឈ្មោះ​ «ខ» ចូល​មក​រក​ស្ដេច​វិញ​ នោះ​ស្ដេច​មិន​ឱ្យ​អ្នក​ខ្សឹប​ជិះ​ឬ​អៀវគេ​ទេ​ អ្នក​ខ្សឹប​នោះ​ត្រូវ​ថយ​ទៅ​វិញ​ ហើយ​គេ​ឱ្យ​ម្ខាង​ចូល​ទៅ​ខ្សឹប​ជា​ថ្មី​ម្ដង​ទៀត​។ ចេះ​តែ​ផ្លាស់​គ្នា​តាម​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​។

អ្នក​ដែល​ធ្វើ​ស្ដេច​ត្រូវ​មើល​ការ​ខុស​ត្រូវ​ក្នុង​រឿង​នេះ​ ដោយ​សច្ចៈ​និង​យុត្តិធម៌​។

ល្បែង​នេះ​ស្រេច​លើ​អ្នក​ធ្វើ​ស្ដេច​ បើ​អ្នក​ធ្វើ​ស្ដេច​ប្រកប​ដោយ​អគតិ​ ចង់​ឱ្យ​អ្នក​ណា​ជិះ​អ្នក​ណា​ ក្រៅ​ពី​ឈ្មោះ​ដែល​គេ​ខ្សឹប​ក៏​បាន​ គឺ​ថា​បើ​ម្នាក់​ចូល​ទៅ​ខ្សឹប​ថា​ស្រឡាញ់​ឈ្មោះ​ «ក» ហើយ​ទោះ​បី​ឈ្មោះ​ «ខ» ចូល​មក​ ស្ដេច​ស្រែក​ថា​ «អៀវ» ទៅ​ក៏​ចេះ​តែ​បាន​ ព្រោះ​អ្នក​ចូល​ទៅ​ក្រោយ​ មិន​បាន​ឮ​ថា​អ្នក​មុន​គេ​ខ្សឹប​ថា ស្រឡាញ់​ឈ្មោះ​ណា​ៗ​ទេ​។ តែ​បើ​មាន​របៀប​លេង​លំអៀង​បែប​នេះ​ អ្នក​លេង​ណា​ដែល​ចាប់​ថ្នាក់​បាន​តវ៉ា​ឡើង​ អាច​សុំ​គេ​ឱ្យ​ប្ដូរ​អ្នក​ធ្វើ​ស្ដេច​បាន​ ប្រសិន​បើ​អ្នក​ធ្វើ​ស្ដេច​ប្រកប​ដោយ​សច្ចៈ​និង​យុត្តិធម៌​ នោះ​ការ​លេង​នេះ​ទៀងទាត់​ណាស់​។

ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​ក៏​មែន តែ​ជា​ល្បែង​ហាត់​ចិត្ត​មនុស្ស​ឱ្យ​ប្រកប​ដោយ​សច្ចៈ​និង​យុត្តិធម៌​ មិន​ឱ្យ​ប្រកប​ដិយ​ដោយ​អគតិ​ (​សេចក្ដី​លំអៀង​)​ ៤​យ៉ាង​គឺ​ ឆន្ទាគតិ​ លំអៀង​ព្រោះ​ស្រឡាញ់​ ទោសាគតិ​ លំអៀង​ ព្រោះ​ខឹង​ ភយាគតិ​ លំអៀង​ព្រោះ​ខ្លាច​ មោហោគតិ​ លំអៀង​ព្រោះ​ភ័ន្ត​ច្រឡំ​។ មួយ​យ៉ាង​ទៀត ជា​ការ​បង្ហាត់​ឱ្យ​មនុស្ស​ចេះ​ជ្រើសរើស​តាំង​គ្នា​ឱ្យ​ធ្វើ​ការ​ជា​តំណាង​ភ្នែក​ច្រមុះ​ខ្លួន​ផង​ គឺ​ត្រូវ​ចេះ​ជ្រើស​រក​នរណា​ដែល​គេ​យល់​ថា​ជា​មនុស្ស​ត្រឹម​ត្រូវ​បរិសុទ្ធ​ ធ្វើ​ការ​បាន​ល្អ​តាម​គន្លង​ធម៌​ពិតៗ​៕

ប្រភព៖​ ដកស្រង់​ពី ល្បែង​ប្រជាប្រិយ​ខ្មែរ​ រៀបរៀប​ដោយ​ ក្រុម​ជំនុំ​​ទំនៀម​ទម្លាប់​ខ្មែរ​ (ព.ស២៥០៧ ស.គ ១៩៦៤)

Telegram-Troryorng

Share.