ព្រឹត្តិការណ៍សង្ក្រាន្តតាមបណ្ដាខេត្ត ត្រូវបានខកខានអស់៣ឆ្នាំមកន្លងមកហើយ ដោយសារតែប្រទេសកម្ពុជាបានប្រឈមជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចៀសការរីករាលដាលក្នុងសហគមន៍ជាថ្មី។

តែដោយឡែកឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រាន្ដដ៏ធំនៅក្នុងខេត្តសៀមរាបបានត្រឡប់មកវិញហើយ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ សម្រាប់កម្មវិធីឆ្នាំនេះ នឹងមានការដាក់បង្ហាញអំពីវប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គរ ការលេងល្បែងប្រជាប្រិយខ្មែរ និងការសម្ដែងសិល្បៈនានា ដើម្បីកម្សាន្តសប្បាយនៅក្នុងពិធីថែមទៀតផង។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ស្របពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ និងបើកទំព័រថ្មី នៃសេដ្ឋកិច្ចលើគ្រប់វិស័យ រដ្ឋបាលខេត្តសៀមរាប ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ក្នុងអំឡុងពេលថ្ងៃចូលឆ្នាំខ្មែរខាងមុខ។

លោកក៏បានលើកឡើងទៀតថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ នឹងនាំ​មកនូវ​ការបង្ហាញនៃការតាំងពិព័រណ៍ជាច្រើន ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជា​ពលរដ្ឋខ្មែរទាំងអស់បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ​ដ៏សម្បូរ​បែប។ ទន្ទឹមនឹងការរៀបចំសៀមរាបសង្ក្រាន្តនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់​ប្រជា​ពលរដ្ឋនៅក្នុងខេត្តសៀមរាប តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនា​កម្សាន្ត កាន់តែច្រើនឡើងថែមទៀត។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បី​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវជន៕

Telegram-Troryorng
Share.