កណ្តាល ៖ អ្នកជម្ងឺម្នាក់ ជាក្មេងស្រី គ្មានទីពឹង ត្រូវបានម៉ូតូកង់បីលួចដឹកយកទៅទម្លាក់ផ្លុងចោលនៅមុខមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបើកគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រលឹមថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ។ អ្នកជំងឺមានឈ្មោះ សុគន្ធ សុផារីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយ គ្មានទីពឹង គ្មានផ្ទះសម្បែង ស្ថិតក្នុងអាការៈស្លេកស្លាំង ជំងឺប្រចាំកាយ ។

បើតាមគ្រូពេទ្យ សាកសួរ ទើបដឹងថា នាងធ្លាប់ចូលសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកុមាជាតិ ក្រុងភ្នំពេញ លុះនៅយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ នាងទៅសុំចូលដេកសម្រាកនៅមន្ទីរពេទ្យកុមាជាតិសារជាថ្មី មិនទាន់បានចូលផង នៅវេលាជិតភ្លឺថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ត្រូវបានម៉ូតូកង់បីដឹកនាងចេញវិញ ។

បើតាមពលរដ្ឋបានឲ្យដឹងថា នៅវេលាជិតភ្លឺថ្ងៃទី១៧ ខែមិនានេះ គេឃើញម៉ូតូកង់បីមួយគ្រឿង បើកចូលទៅបរិវេណមន្ទីរពេទ្យជ័យជំនះ លើកដាក់អ្នកជម្ងឺចុះហើយ បើកគេចចេញទៅបាត់ ទាំងមិនបានរាយការណ៍ ឬផ្តល់ព័ត៌មានទៅខាងមន្ទីរពេទ្យ ។

មកដល់ពេលនេះ ដើម្បីសម្រួល សេវាថែទាំសុខភាព ព្យាបាល ត្រូវបាននាយកមន្ទីរពេទ្យចាត់ចែងរៀបចំគ្រែសម្រាក ព្យាបាលជូនក្មេងស្រី ៕

Share.