នៅប៉ុន្មានម៉ោងមុននេះកញ្ញា Andrea Meza បវរកញ្ញាចក្រវាឡប្រទេស ម៉ិកស៊ិក ត្រូវបានមហាជនទូទាំងពិភពលោកអបអរសាទរ ក្នុងនាមជាម្ចាស់តំណែងបវរកញ្ញាចក្រវាឡពិភពលោកឆ្នាំ២០២០ និង ជាបវរកញ្ញាចក្រវាឡទី៦៩ ប៉ុន្តែខណៈនេះកញ្ញារូបនេះកំពុងតែល្បីមួយរឿងទៀតដោយសារតែបែកធ្លាយរឿងអាស្រូវ។
ចំពោះរឿងអាស្រូវដែលបង្កឱ្យមានការភ្ញាក់ផ្អើលនោះគឺមានការចោទប្រកាន់ថាកញ្ញា Andrea Meza បានរៀបការរួចទៅហើយ ជាហេតុធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំងថាស្ត្រីដែលរៀបការរួចម៉េចនឹងអាចចូលប្រកួតនៅក្នុងកម្មវិធីនេះទៅកើត។
ឆ្លើយតបចំពោះរឿងរ៉ាវដ៏ក្ដៅគគុកដែលកំពុងជាទីចាប់អារម្មណ៍បុរសដែលបានថតរូបជាមួយនឹងកញ្ញា Andrea Meza បានចេញមកអះអាងថានោះគ្រាន់តែជាការថតបង្ហាញម៉ូដសំលៀកបំពាក់អាពាហ៍ពិពាហ៍ (Photo Shoot) ប៉ុណ្ណោះព្រោះ Andrea។ មិនត្រឹមតែ Jorge Saenz ដែលបានចូលមកស្រាយបំភ្លឺចំពោះករណីនេះនោះទេ ព្រោះសូម្បីតែជនជាតិម៉ិកស៊ិក ក៏បានចូលមកបញ្ជាក់ដែរថានោះជាយុទ្ធនាការផ្សព្វផ្សាយពីទេសចរណ៍ប៉ុណ្ណោះ។
សូមរំលឹកឡើងវិញផងដែរថាកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កម្មវិធីប្រកួតបវរកញ្ញា ចក្រវាឡពិភពលោក លើកទី៦៩ ដែលបានរៀបចំនៅសហរដ្ឋអាមេរិកបានរកឃើញបវរកញ្ញាដែលជាម្ចាស់ជ័យលាភីលេខ១ គឺកញ្ញា Andrea Meza បវរកញ្ញាមកពីប្រទេសម៉ិកស៊ិក លេខ២ បវរកញ្ញា ប្រេស៊ីល លេខ៣ បវរកញ្ញាប៉េរូ លេខ៤ បវរកញ្ញាឥណ្ឌា និងលេខ៥ បវរកញ្ញា ដូមីនិច៕
