Mustafa Zazai ខ្សែបម្រើប្រយុទ្ធរបស់បឹងកេត លើកឡើងថា៖«ខ្ញុំគិតថា វាដូចជាឆាប់ពេក ដែលនិយាយថា ក្រុមណានឹងឈ្នះពាននៅឆ្នាំនេះ។ សម្រាប់ខ្ញុំ ខ្ញុំជឿថា វានឹងក្លាយជារដូវកាលដ៏តានតឹង។ ព្រះខ័នរាជស្វាយរៀង នឹងបាត់បង់ពិន្ទុនៅឆ្នាំនេះ ដូច្នេះខ្ញុំនៅតែជឿជាក់លើក្រុមរបស់ខ្ញុំ។ យើងមានក្រុមខ្លាំងមួយដើម្បីប្រជែងជើងឯក»។

៣ប្រកួតកន្លងមកនេះ បឹងកេត ទើបតែមាន៣ពិន្ទុប៉ុណ្ណោះតាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងដល់ទៅ៦ពិន្ទុ និងមិនទាន់រកគ្រាប់បាល់បានទេសម្រាប់ការប្រកួត២លើកចុងក្រោយ។

ថ្វីត្បិតតែក្រុមរបស់ខ្លួនមានទម្រង់លេងមិនសូវល្អ ក៏ Mustafa Zazai ទទូចថា សម្រាប់ការប្រកួតនៅមានជាច្រើនទៀត បឹងកេត នៅតែស្ថិតក្នុងការប្រជែងពាន ដោយសារពួកគេមានក្រុមដ៏ខ្លាំងមួយដើម្បីប្រជែងពានលីគកំពូលកម្ពុជានៅរដូវកាលនេះ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានឈានចូលរដូវកាលទី៣ ក្នុងការប្រកបអាជីពបាល់ទាត់នៅលីគកំពូលរបស់កម្ពុជា ហើយបានលេងឲ្យក្លិប៣ផ្សេងគ្នាដូចជា ភ្នំពេញក្រោន វិសាខា និងបច្ចុប្បន្នបឹងកេត។ ជាមួយនឹងបទពិសោធន៍នៅបាល់ទាត់កម្ពុជា រូបគេអាចសម្របខ្លួនបានយ៉ាងលឿននៅបឹងកេត ខណៈដែលទទួលបានការសរសើរពី លោកគ្រូ គឹម ភក្តី ចំពោះទម្រង់លេងប្រយុទ្ធដែលសក្តិសមនឹងទម្រង់លេងរបស់ខ្លួន។

«ខ្ញុំបានសម្របខ្លួនយ៉ាងលឿនជាមួយក្រុមរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ល្អណាស់នៅទីនេះ។ គ្រូបង្វឹករបស់យើងចូលចិត្តលេងប្រយុទ្ធ ហើយខ្ញុំចូលចិត្តរឿងនោះដែរ។ វាសក្តិសមនឹងស្ទីលបាល់ទាត់របស់ខ្ញុំ»។Mustafa Zazai ត្រូវបានផ្លាស់ប្ដូរចេញអំឡុងពេលចាញ់ព្រះខ័នរាជស្វាយរៀង ៤-០ កាលពីសប្តាហ៍មុន ហើយគេអាចនឹងជាមន្ទិលសម្រាប់ការប្រកួតរវាង បឹងកេត ជាមួយ អង្គរថាយហ្គឺរ នៅចុងសប្តាហ៍នេះ៕

Telegram-Troryorng
Share.