ការព្រមាននេះបានកើតឡើង ក្រោយពេលដែលម្ចាស់ក្លឹប Chelsea FC លោក Roman Abramovich និង អ្នកចរចាសន្តិភាពអ៊ុយក្រែនបានទទួលរងនូវរោគសញ្ញានៃការពុលដូចជា ភ្នែកក្រហម ការឈឺចាប់ និង របកស្បែកលើដៃ និង មុខ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនៅដើមខែមីនា។

មុនពេលកិច្ចប្រជុំចាប់ផ្ដើមនៅថ្ងៃនេះ នៅទីក្រុង អ៊ីស្ដង់ប៊ុល រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmyto kuleba បានណែនាំមិនឲ្យអ្នកដែលទៅចរចាជាមួយរុស្សី​ បរិភោគ ឬ ផឹកអ្វីទាំងអស់ ហើយគួរតែជៀសវាងការប៉ះពាល់អ្វីទាំងអស់។

ក្រោយមានការសង្ស័យពីករណីពុលអាហារ មន្រ្តីសហរដ្ឋអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា រោគសញ្ញារបស់លោក Abramovich និង អ្នកចរចាសន្តិភាពអ៊ុយក្រែន មិនមែនជាការពុលសារធាតុគីមីទេ គឺអាចបណ្ដាលមកពី ប្រតិកម្មជាមួយអាកាសធាតិ ឬ បរិស្ថាន។

ដោយឡែកមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនក៏បានបដិសេធរឿងនេះផងដែរ ដោយលោកអនុប្រធានការិយាល័យប្រធានាធិបតី Ihor Zhovka បានប្រាប់សារព័ត៌មាន BBC ថា «សមាជិកនៃគណៈប្រតិភូអ៊ុយក្រែនមិនអីទេ ខ្ញុំបានទាក់ទងជាមួយមន្រ្តីម្នាក់ក្នុងចំណោមពួកគេ ហើយពួកគេនិយាយថា រឿងនេះមិនពិត»។

បន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីម្សិលម៉ិញថា ម្ចាស់ក្លឹប និង អ្នកចរចារសន្តិភាពអ៊ុយក្រែន មានរោគសញ្ញាសង្ស័យថាពុល ក្នុងកិច្ចចរចាសន្តិភាពនៅព្រំដែន អ៊ុយក្រែន-បេឡារុស្ស កាលពីដើមខែនេះ មហាសេដ្ឋីរុស្សីលោក Abramovich ដែលជាម្ចាស់ក្លឹបបាលទាត់ Chelsea ត្រូវបានគេប្រទះឃើញនៅក្នុងកិច្ចពិភាក្សានៅទីក្រុងអ៊ីស្ដង់ប៊ុល។ នៅក្នុងរូបភាពដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទួរគី លោក Abramovich ត្រូវបានគេឃើញអង្គុយតុជាមួយលោក Ibrahim Kalin ដែលជាអ្នកនាំពាក្យរបស់លោកប្រធានាធិបតីទួរគី Tayyip Erdogan ហើយកំពុងពាក្យកាសបកប្រែ ជារួមគឺលោកមិននៅរួមតុសំខាន់របស់គណៈប្រតិភូរុស្សី និង អ៊ុយក្រែន ទេ។

សូមជម្រាបថា រុស្សី និង អ៊ុយក្រែន នឹងបើកកិច្ចចរចាសន្តិភាពទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេល ២សប្ដាហ៍នៅថ្ងៃនេះក្នុងទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសទួរគី ដើម្បីពិភាក្សាគ្នាអំពីសន្តិភាពរវាងប្រទេសទាំង២៕

ប្រភព៖ The Free Press Journal

Telegram-Troryorng
Share.