អាមេរិក (AP) – ផលិតករកម្មវិធីអូស្ការលោក Will Packer បានលើកឡើងថាប៉ូលិស Los Angeles បានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ខ្លួន Will Smith ក្រោយបុរសល្បីរូបនេះឡើងទៅទះកំផ្លៀង Chris Rock ផ្អើលឆាកប្រគល់រង្វាន់ Academy Awards។
ផលិតករខាងលើបានផ្ដល់សម្ភាសន៍ដល់ ABC News កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅសម្រាប់កម្មវិធី «អរុណសួស្ដី អាមេរិក Good Morning America» ដោយលោកបានលើកឡើងថាសមត្ថកិច្ចនិយាយថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទៅចាប់ Will Smith សំខាន់ឱ្យតែមានពាក្យបណ្ដឹងភ្លាម ពួកប៉ូលិសនឹងទៅចាប់ខ្លួន Will Smith ភ្លាម។ នេះគឺជាអ្វីដែលសមត្ថកិច្ចបានផ្ដល់ជាយោបល់មក។
ប៉ុន្តែ Packer បាននិយាយថា Chirs Rock បែរជាមិនយកគំនិតនេះមកពិចារណានោះទេ ដោយគេបាននិយាយថាគេមិនអីនោះទេ រហូតធ្វើឱ្យ Packer ដល់ថ្នាក់ផ្ដល់យោបល់ឱ្យ Chris ទុកឱ្យប៉ូលិសចាត់ការរឿងនេះថែមទៀត។ ក្នុងនោះដែរនាយកដ្ឋានប៉ូលិសឡូអែនជឺឡែស បានសួរថាតើ Chris ចង់ឱ្យពួកគេធ្វើអីដែរទេ? ស្រាប់តែ Chris ឆ្លើយថា «មិនបាច់ទេ»។
នាយកដ្ឋានប៉ូលិសឡូអែនជឺឡែស (LAPD) បានចេញសេចក្ដីប្រកាសកាលពីរាត្រីថ្ងៃអាទិត្យក្រោយមានហេតុការណ៍កើតឡើងក្នុងកម្មវិធីនោះថា ប៉ូលិសបានដឹងពីរឿងនេះ ហើយបានទំនាក់ទំនងទៅ Rock ប៉ុន្តែលោកបដិសេធមិនប្ដឹងនោះឡើយ។ ប៉ុន្តែសមត្ថកិច្ចប៉ូលិសបានបដិសេធមិនបញ្ចេញមតិអ្វីទាំងអស់ជុំវិញបទសម្ភាសន៍របស់ផលិតករអូស្ការបានលើកឡើងខាងលើនេះ។
គណៈកម្មការរៀបចំកម្មវិធី The Academy of Motion Pictures Arts and Sciences បានជួបជុំគ្នាដើម្បីពិភាក្សាគ្នាអំពីអំពើហិង្សារបស់ Smith ដែលប្រឆាំងទៅនឹងគោលការណ៍ស្ដង់ដាររបស់កម្មវិធី ដោយ Smith អាចនឹងត្រូវព្យួរឈ្មោះ បណ្ដេញចេញ ឬក៏ដាក់ទណ្ឌកម្ម។
គណៈកម្មការរៀបចំកម្មវិធីបានចេញលិខិតប្រកាសមួយថា «សកម្មភាពរបស់ លោក Smith នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៤ គឺជាពិតជាធ្វើឱ្យមហាជនដែលទៅចូលរួមផ្ទាល់និងទស្សនាតាមកញ្ចក់ទូរទស្សន៍ ភ្ញាក់ផ្អើលនិងរន្ធត់ខ្លាំង។
ក្នុងលិខិតនោះក៏បានរំលេចដែរថា Smith ត្រូវបានក្រុមការងារសុំឱ្យចាកចេញពីកម្មវិធីដែលរៀបចំនៅ Dolby Theatre ប៉ុន្តែសាមីខ្លួនបានបដិសេធ។
យ៉ាងណាមិញ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រោយពីប្រព្រឹត្តិទង្វើមិនគប្បីនោះ Smith បានចេញលិខិតសុំទោសទៅកាន់ Chris Rock គណៈកម្មការរៀបចំកម្មវិធីទូរទស្សន៍ និងសាធារណជន ដោយលោកបានលើកឡើងថា «ខ្ញុំបានធ្វើជ្រុលហួសហេតុពេកហើយ ខ្ញុំពិតជាខុសមែន»
ថ្វីត្បិតបានចេញលិខិតរៀបរាប់ដូចបានសរសេរខាងលើនេះក៏ពិតមែនតែគណៈកម្មការរៀបចំកម្មវិធីបានប្រកាសដែរថា Will Smith មានឱកាសការពារខ្លួនលោក តាមរយៈការសរសេរលិខិតឆ្លើយតបនៅមុនពេលការប្រជុំថ្នាក់កំពូលៗនាងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ខាងមុខ។
ងាកមកជនរងគ្រោះក្នុងហេតុការណ៍ស្មានមិនដល់ Chris Rock បាននិយាយជាសាធារណៈចំពោះរឿងនោះជាលើកដំបូងខ្លីៗប៉ុណ្ណោះក្នុងកម្មវិធីនិយាយកំប្លែងនៅ Boston ដោយលោកគ្រាន់តែពោលថា ខ្ញុំកំពុងចាត់ការចំពោះអ្វីដែលកើតឡើង។
ប្រភព៖ APNEWS