កញ្ញា ហេង រិនសុម៉ាលីតា គឺជាធីតាឯកសង្ក្រាន្តឆ្នាំ២០២២នេះ ដែលតំណាងឱ្យតួអង្គទេវតាឆ្នាំថ្មី ព្រះនាង កិរិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម។ កញ្ញាជាម្ចាស់ជ័យលាភីយ៉ាងស័ក្កិសមនៃធីតាឯកសង្ក្រាន្ដរដូវកាលទី៣ រហូតធ្វើឱ្យហ្វេនចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់របស់កញ្ញា។ នៅក្នុងឆ្នាំ២០២២នេះ កញ្ញា ហេង រិនសុម៉ាលីតា ទើបតែមានវ័យ ២០ឆ្នាំតែប៉ុណ្ណោះ។

នាថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កញ្ញា ហេង រិនសុម៉ាលីតា បានរំលេចសម្រស់ឱ្យមហាជន ក៏ដូចជាហ្វេនបានឃើញជាមុខមាត់តួអង្គទេវតាឆ្នាំថ្មី ឆ្នាំខាលដែលបានផលិតដោយទូរទស្សន៍ជាតិកម្ពុជា។ អ្វីដែលចាប់អារម្មណ៍បំផុតទៀតនោះគឺ តួអង្គតំណាងទេវតាមួយដួងនេះ បានព្រលយសារចាក់ដោតអារម្មណ៍ហ្វេននៅលើហ្វេសប៊ុករបស់ខ្លួន ដោយនិយាយរៀបរាប់ថា ៖ «សួស្តីឆ្នាំថ្មី បងប្អូនទាំងអស់គ្នា 🐅💚🙏🏼 កុំបន់សុំតែសង្សារពេក អាណិតចិត្តទេវតាផង 🤣 ជូនពរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាជួបតែសេចក្តីសុខគ្រប់ៗគ្នា 💚 »។

យ៉ាងណាមិញ ក្រោយការបង្ហោះនេះ គេឃើញមាន Comment ពីហ្វេនជាច្រើនដែលនិយាយបង្អាប់ញ៉ែញ៉ងដាក់ទេវតា និង​ដេញ​ដោល​បន់ទេវតាសុំរឿងស្នេហា ក៏ប៉ុន្ដែទេវតាអង្គានេះបានឆ្លើយបន្តថា «ទេវតាអត់សង្សារដែររកអត់ទាន់បាន ចាំរកបានចាំរកឱ្យវិញម្តង!»។

ទោះជាយ៉ាងណាក្ដី សំណេរបែបលេងសើចឆ្លងឆ្លើយជាមួយហ្វេនខាងលើនេះ គឺកាន់តែធ្វើឱ្យហ្វេនងាកមកចាប់អារម្មណ៍ពីកញ្ញា ហេង រិនសុម៉ាលីតា កាន់តែខ្លាំងឡើងថែមទៀត។

បើជ្រុលជាហ្វេនចាប់អារម្មណ៍លើទេវតាមួយអង្គានេះហើយ សារព័ត៌មានត្រយងសូមបង្ហើបប្រវត្តិខ្លះៗរបស់ទេវតា។ គេនៅចាំបានថា កញ្ញា ហេង រិនសុម៉ាលីតា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងមានប្រវត្តិរង្វង់សិល្បៈមិនធម្មតា ដោយតារាស្រីរូបនេះ មានសមត្ថភាពពហុជំនាញតែម្ដង។ មុនពេលគ្រងតំណែងធីតាឯកសង្ក្រាន្តនេះ រិនសុម៉ាលីតា ធ្លាប់ជាតារាបង្ហាញម៉ូដ តារាសម្ដែង និងជាអ្នកចម្រៀងដែលមានទឹកដមសំឡេងពីរោះមួយរូបផងដែរ។ ក្រៅពីអាជីពសិល្បៈ កញ្ញាក៏ធ្លាប់ជានារីអាកាសចរណ៍ ដែលគេដឹងដែរថា មានទាំងចំណេះដឹងល្អដែលអាចប្រជែងផុតពីបេក្ខភាពកញ្ញាឯកដាក់ពាក្យចូលរួមប្រកួតរាប់រយនាក់ថែមទៀតផង។ ដូច្នោះហើយ គេអាចនិយាយបានថា មិនត្រឹមតែមានសម្រស់ស្អាតសោភានោះទេ ប៉ុន្តែ ហេង រិនសុម៉ាលីតា ក៏មានសមត្ថភាពមិនធម្មតាផងដែរ៕

Telegram-Troryorng
Share.