បទចម្រៀងដែលមានចំណងជើងថា «អូនលែងប្ដីហើយ» ត្រូវបានបកស្រាយដោយអ្នកនាង ខាត់ សុឃីម ដែលមាននៅក្នុងផលិតកម្ម Davitra និងជាបទចម្រៀងដែលល្បីមួយបទ កំពុងត្រូវចិត្តយុវវ័យនាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ បើទោះជាមានការពេញនិយមស្ដាប់ និងរាំកម្សាន្តសប្បាយរីករាយតាមរយៈបទមួយនេះក្ដី ប៉ុន្ដែមានមតិហ្វេន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះបានលើកឡើងថា បទនេះគឺជាបទចម្រៀងមិនសមរម្យសម្រាប់ឆ្នាំខាលនោះទេ និងមានចរិតលក្ខណៈប្រមាថស្រ្តីខ្មែរ និងផ្សព្វផ្សាយអំពីហឹង្សាក្នុងគ្រួសារ ជាដើម ។

គេបានឃើញនៅលើហ្វេសប៊ុកហ្វេនម្នាក់ដែលមានឈ្មោះថា Chhour Sopannha បានបង្ហោះនៅថ្ងៃទី ១៥ ខែមេសា នេះដោយលើកជាមតិថា ៖ «“អូនលែងប្តីហើយ” ជាចម្រៀងឆ្នាំខ្លា តែខ្ញុំយល់ថាជាបទមួយមិនសមរម្យនោះទេ ហើយមើលទៅហាក់បង្អាប់តម្លៃស្រ្តីខ្មែរជា ពន្លឹក ព្រោះថាស្រ្តីខ្មែរមិនមែនលែងប្តីហើយដើរប្រកាសប្រាប់គេឯង ហើយប្រកាសរកសង្សាថ្មី(ប្រុសឈ្មោល)ដូចនៅក្នុងបទចម្រៀងនោះទេ។ ម្យ៉ាងទៀតហាក់ប្រមាថដល់តម្លៃសង្គម កម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកតម្កើងនូវតម្លៃស្រ្តី និងសីលធម៌សង្គម ។ អ្នកមានសិទ្ធិនិពន្ធ តែកានិពន្ធត្រូវគិតពីតម្លៃនៃសង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងមរតកជាតិផង…កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយម និង តម្លៃជាតិ ។ ចំពោះខ្ញុំសូមប្រកាស់ថ្កោលទោសដល់អ្នកនិពន្ធបទនេះ ព្រោះវាមានចរិតប្រមាថស្រ្តីខ្មែរ និងផ្សព្វផ្សាយអពើ ហឹង្សាក្នុងគ្រួសារ ។ អ្នកយល់យ៉ាងណា?»។

យ៉ាងណាមិញ បើតាមមើលពីសាច់រឿងនៅក្នុង MV បទចម្រៀងនេះវិញត្រូវបានរៀបរាប់ថា មាននារីៗក្នុងភូមិប៉ុន្មាននាក់រងនូវអំពើហិង្សាពីស្វាមីរបស់ខ្លួន រហូតដល់ទ្រាំលែងបាន ទើបសម្រេចចិត្តរត់ទៅប្ដឹងមេភូមិ សុំលែងប្ដី។ បើទោះជាមួយឈ្មោះជាស្ត្រីមេម៉ាយ ក៏ប៉ុន្ដែរឿងសេរីភាពគឺជាបញ្ហាសំខាន់សម្រាប់ពួកគេ។ រហូតដល់ក្នុងអត្ថន័យនៃបទចម្រៀងបានសរសេរឡើងនៅឃ្លាចុងក្រោយថា «អូនលែងប្ដីមិនខ្វះលុយចាយ ប្រុសៗកំពុងដេកស្ដាយឡើងហៀរទឹកមាត់»។

ជាមួយគ្នានេះដែរ ក៏មានមតិរបស់ខ្លះបានប្រតិកម្មតបតវិញថា ៖ «ពីសម័យកាលមួយទៅសម័យកាលមួយវាខុសៗគ្នា។ ស្ត្រីឥឡូវមានសិទ្ធិស្មើបុរស។ សម័យឥឡូវតែនៅមិនចុះសម្រុងគ្នា លែងគ្នា មិននៅទ្រាំដូចចាស់ៗពីដើមទេ។ ពេលខ្លះលេងគ្នាដើម្បីដើរផ្លូវរៀងៗខ្លួន កុំឱ្យមានសម្ពាធផ្លូវចិត្តផ្លូវកាយ និងទទួលយកជីវិតថ្មីមួយទៀត. តែក្នុងន័យក្នុងបទចំរៀនេះ ច្រៀងដោយអ្នកនាង ខាត់សុឃីម ដូចជាមិនវាយតំលៃស្រី្តទេ. ដូចគាត់លេងប្តីរួចសប្បាយចិត្ត 😂»។

ហើយក៏មានហ្វេនខ្លះទៀតលើកឡើងថា ៖ «Dear brother ខ្ញុំគិតថាបទនេះមិនខុសទេ មនុស្សស្រីឬប្រុសមានសិទ្ធជ្រើសរើសសេចក្តីសុខរបស់ខ្លួន បើជីវិតគូគាត់មិនមានក្តីសុខតើគាត់លែងលះមិនបានមែនទេ? តើបន្ទាប់ពីលែងលះគាត់សប្បាយឬផ្តើមជីវិតថ្មីមិនបានមែនទេ? តើគាត់គ្មានសិទ្ធនឹងរកអ្នកថ្មីមែនទេ? ចុះបទចម្រៀងដែលនិយាយពីការផឹកស៊ីគ្រឿងស្រវឹង ម៉េច brother មិនថាខុសផង? បទផឹកស៊ីវាធ្វើអោយប៉ះពាល់អ្វីខ្លះដល់សង្គមជាតិយើង មនុស្សខូចសុខភាព ក្មេងៗខ្លះធំមិនទាន់ចេះផឹកស៊ី……តើម៉េចវិញ?»។

ដោយឡែកគេមើលឃើញមានហ្វេននារីម្នាក់បានបញ្ចេញមតិរបស់ខ្លួនស្រដៀងនេះថា ៖ «មនុស្សស្រីលូវគេមិនខ្វល់ទេពូ យកប្ដី បើប្តីចរិតមិនកើតលែង. មនុស្សស្រីសម័យលូវគេពូកែៗណាស់. គ្មានប្រពន្ធណាលែងប្តីទាំងដែលប្ដីធ្វើខ្លួនល្អទេ. ប្ដីណាមិនកើតបណ្តែតតាមទឹក😕»។

ទាំងអស់នេះគ្រាន់តែជាមតិរបស់ហ្វេន ដែលមានខ្លះស្រប និងខ្លះមិនស្របទៅតាមការដាក់ពិន្ទុររបស់គេរៀងៗខ្លួន។ ចុះអ្នកវិញគិតយ៉ាងណាដែរទៅចំពោះបញ្ហានេះ ឬគ្រាន់តែគិតថាជាសិល្បៈនៃការច្រៀងលេងកម្សាន្ត?

សូមទស្សនាវីដេអូបទចម្រៀង «អូនលែងប្ដីហើយ»ខាងក្រោមនេះ៖

Telegram-Troryorng
Share.