អ្នកដំណើរមកបរទេសមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចូលមកប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលបន្ថយថ្ងៃធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែមេសានេះ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការសម្រេចបន្ថយថ្ងៃធ្វើចត្តាឡីស័កនេះ បានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើលិខិតគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយនឹងការកែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃសេចក្ដីប្រកាសព័ត៌មានក៏បានគូសបញ្ជាក់អំពីការកែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័កផងដែរ។

សម្រាប់អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាសត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអ្នកដំណើរតាមព្រំដែនគោកត្រូវធ្វើតេស្តរហ័សពីរលើក លើកទី១នៅថ្ងៃទី១មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២នៅថ្ងៃទី៧ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានណែនាំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ ដូចបានអនុវត្តរហូតមកដល់ពេលនេះ ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីមណ្ឌលចត្តាឡីស័ក៕

Share.