ពីពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសអ៊ីតាលីនាព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជាថ្មីទៀតអំពីការជំរុញកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងហោចណាស់ឱ្យបាន៣ដូស ដោយសម្ដេចបានសង្កត់ធ្ងន់ថា«ចាត់ទុកថាជាកាតព្វកិច្ចតម្រូវតែម្ដង»។

បើតាមសម្ដេច កម្ពុជានៅសល់ប្រជាជនប្រមាណ៦លាននាក់ទៀតមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ក្នុងពេលមនុស្សជាង១លាននាក់បានចាក់ដូសទី៤។ សម្ដេចបន្តថា«ឥឡូវនេះ អ្វីដែលជាការចង់បាននោះ គឺចង់ឱ្យបងប្អូនជនរួមជាតិរបស់យើង រំដោះខ្លួនឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងការតព្វកិច្ចមួយចំនួនក្នុងវិស័យសុខាភិបាល»។

សម្ដេចបានគូសបញ្ជាក់ថាការជំរុញការចាក់វ៉ាងសាំងឱ្យបានយ៉ាងហោសណាច់៣ដូសនេះ គឺដើម្បីបង្កើតភាពសាំសហគមន៍ និងឈានទៅដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងដែលមានការបិទជិត ​ដើម្បីកាត់បន្ថយការចំណាយលើម៉ាស់ដែលសម្ដេចប៉ាន់ប្រមាណថា«ក្នុងមួយថ្ងៃយើងចាយសរុបលើថ្លៃម៉ាស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក»។

សម្ដេចបានណែនាំឱ្យអ្នកជំនាញសុខភាពមើលឱ្យឃើញអំពីបញ្ហាពាក់ព័ន្ធសេដ្ឋកិច្ច និងសង្គម និងបញ្ហាចិត្តសាស្រ្ត ដោយបានបន្ថែមថា«ការពាក់ម៉ាស់វាមិនមែនជាការងាយស្រួលទេ ជាពិសេសជាងនេះទៅទៀតនៅពេលតម្រូវការធ្វើការហត់នឿយ ហើយត្រូវខ្ទប់ច្រមុះ វាមិនមែនជារឿងងាយស្រួលទេ ប្រទេសមួយចំនួនបានដកចេញកាតព្វកិច្ចពាក់ម៉ាស់រួចទៅហើយ»។

យ៉ាងណាក៏ដោយសម្ដេចបានបញ្ជាក់ជាថ្មីថារាជរដ្ឋាភិបាលត្រូវរង់ចាំកិច្ចប្រជុំនៅល្ងាចនេះដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ទមុនីរ័ត្ន និងឯកឧត្តម ម៉ម ប៊ុនហេង ដើម្បីរិះរកវិធីសាស្រ្តបន្ថែមទៀត រួមទាំងការចង់បានរបស់សម្ដេចឱ្យគ្រប់ភូមិសាស្រ្តទាំងអស់ទុកឱ្យប្រជាជនជាអ្នកសម្រេចគួរឬមិនគួរពាក់ម៉ាស់ក្នុងពេលនៅក្រៅទីតាំងបិទជិត។

គួរកត់សម្គាល់ថាអត្រាឆ្លងជំងឺកូវីដ-១៩ នាប៉ុន្មានថ្ងៃក្រោយពិធីបុណ្យចូលឆ្នាំថ្មីមិនមានអ្វីប្រែប្រួលអវិជ្ជមាននោះឡើយ ដ្បិតថាអត្រាឆ្លងក្នុងមួយថ្ងៃមានមិនដល់២០នាក់ទេ។ តួលេខនេះជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ដ្បិតពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ ពលរដ្ឋគ្រប់តំបន់បានដើរកំសាន្តជួបជុំសប្បាយរីករាយដោយមិនសូវពាក់ម៉ាស់ និងរក្សាគម្លាតនោះឡើយ។

កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើងបានជាង៩៣ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២៣ ខែមេសា កម្ពុជាចាក់ដូសទី១បានជិត១៥លាននាក់, ដូសទី២បានជាង១៤លាននាក់, ដូសទី៣ បានជាង៨លាននាក់, ដូសទី៤ បានជាង១លាននាក់។

សូមបញ្ជាក់ថាជំនួយវ៉ាក់សាំងពីប្រទេសអ៊ីតាលីដែលបានប្រគល់ជូនកម្ពុជានាថ្ងៃនេះមានប្រមាណ១លានដូស។ មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបទាំងពីជំនួយ និងបញ្ជាទិញជាង៥០លានដូស ខណៈនៅសល់ក្នុងស្តុកមានប្រមាណជិត១០លានដូសទៀត៕

Share.