រថយន្តទំនើបម៉ាក Jeep Rubicon 2021 ដែលកញ្ញា រ៉េត ស៊ូហ្សាណាបានថតជាមួយនោះគឺជាកម្មសិទ្ធិរបស់កញ្ញា ប៉ុន្តែមិនមែនតារាចម្រៀងវ័យក្មេងរូបនេះហូតលុយចេញពីហោប៉ៅរបស់ខ្លួននោះទេ តែជាអំណោយដែលមនុស្សពិសេសបានជូនដល់កញ្ញា។

កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងវ័យក្មេងរូបស្អាត រ៉េត ស៊ូហ្សាណាបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះរូបថត៣សន្លឹកដែលហ្សាណាបានថតជាមួយនឹងរថយន្ត Jeep Rubicon 2021 មានផ្លាកលេខពិសេស RSZ.2000 បញ្ជាក់យ៉ាងច្បាស់ថារថយន្តគឺជាកម្មសិទ្ធិផ្ទាល់ របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសព្រោះអក្សរ RSZ មកពីពាក្យកាត់ភាសាអង់គ្លេសReth Suzana ខណៈលេខ២០០០គឺជាឆ្នាំដែលកញ្ញាកើត។

យ៉ាងណាមិញរថយន្តស៊េរីទំនើប Jeep Rubicon 2021 ដែលមានតម្លៃលក់ក្នុងឃ្លាំងប្រមាណ 93,500ដុល្លារ (ហាងឆេងដកស្រង់ពីក្នុងគេហទំព័រ Khmer24) នេះគឺជាអំណោយដែលលោកឪពុកនិងអ្នកម្ដាយដ៏ុំមានគុណរបស់កញ្ញា រ៉េត ស៊ូហ្សាណាទិញយកមក Surprise កូនស្រីបណ្ដូលចិត្តរបស់ខ្លួន។ ផែនការធ្វើឱ្យកូនស្រីភ្ញាក់ផ្អើលពិតជាបានផលព្រោះនៅពេល ហ្សាណា ដើរមកខាងមុខផ្ទះហើយឃើញរថយន្តទំនើបនោះ នាងបានយំហើយឱបលោកឪពុកនិងអ្នកម្ដាយសម្ដែងនូវក្ដីដឹងគុណនិងរំភើបផងដែរ។
ម្ចាស់បទ «សុំខុសមួយយប់» រូបនេះបានប្រឡូកចូលក្នុងសិល្បៈតាមរយៈការប្រលងកម្មវិធី The Voice Cambodia ហើយបើទោះជាមិនជាប់ជយលាភីក៏ពិតមែនតែកញ្ញាបានក្លាយជាតារាកុងត្រាមួយរូបក្នុងផលិតកម្មហង្សមាសនិងមានបទចម្រៀងបំរើអារម្មណ៍អ្នកគាំទ្ររហូតមកដល់បច្ចុប្បន្ន៕
