តារា​សម្ដែង​ សាន កុសុមៈ បច្ចុប្បន្ន​ក្ដាប់​បាន​តំណែង​តួ​​ឯក​ជា​ច្រើន​រឿង​បន្ត​បន្ទាប់​គ្នា​​ អាច​និយាយ​បាន​ថា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN ​​មិន​សូវ​បាត់​មុខ​អតីត​ម្ចាស់​តំណែង​ទេពធីតា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ​រូប​នេះ​នោះ​ឡើយ​។ សម្រស់​របស់​​កុសុមៈ កាល​ពី​មុន​អាច​នឹង​មាន​អ្នក​សង្ស័យ​ថា​ស្រីស្អាត​រូប​នេះ​ពឹង​កាំបិត​ពេទ្យ ប៉ុន្តែ​ក្រោយ​ពេល​ឃើញ​ម្ដាយ​របស់​កញ្ញា​រួច​ គ្រប់​គ្នា​ពិត​ជា​ជឿ​ដោយ​គ្មាន​សង្ស័យ​ថា សាន កុសុមៈ​ ​ស្អាត​ពី​ធម្មជាតិ​ពិត​។

កត្តា​ដែល​ធ្វើ​ឱ្យ កុសុមៈ បាន​តំណែង​ជា​តួ​ឯក​ស្រី​បន្ត​កន្ទុយ​គ្នា​នោះ​ ពិត​ណាស់​ក្រៅ​ពី​សមត្ថភាព​សម្ដែង​បាន​ល្អ​ហើយ​នោះ​រូប​សម្រស់​គឺ​ជា​កត្តា​ចំបង​។ តាម​ដឹង​សម្រស់​របស់​កញ្ញា​ សាន​ កុសុមៈ គឺ​ដោយ​សារ​តែ​ហ្សែន​តំណពូជ​ពី​ខាង​ម្ដាយ​ ព្រោះ​ក្រោយ​រូប​ភាព​ម្ដាយ​និង​កូន​អ្នក​ទាំងពីរ​ ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​មក​ខាងក្រៅ​ ​ទស្សនិកជ​ន​បាន​ពោល​សរសើរ​ព្រោះ​តែ​សម្រស់​ម្ដាយ​កញ្ញា​ក្មេង​ស្អាត​ មើល​តែ​បង​និង​ប្អូន​ស្រី មិន​មែន​ជា​ម្ដាយ​និង​កូន​នោះ​ឡើយ​។

ថ្មីៗ​នេះ​តួ​ឯក​ស្រី​ «មន្ត​ស្នេហ៍​​អ្នក​គ្រូពេទ្យ​ឆ្នាស់​» ​ឧស្សាហ៍​បង្ហោះ​រូប​ភាព​ជាមួយ​នឹង​អ្នក​ម្ដាយ​របស់​ខ្លួនណាស់​​ នោះ​អាច​ដោយ​សារ​តែ​ជិត​ចូល​ដល់​ខែ​នៃ​ទិវា​អ្នក​ម្ដាយ​អន្តរជាតិ​ក៏​បាន​ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា​បាន​ផុស​រូប​ភាព​កាល​ពី​ក្មេង​ និង​រូបភាព​បច្ចុប្បន្ន​ជាមួយ​នឹង​អ្នកម្ដាយ​ ដោយ​ភ្ជាប់​ជាមួយ​នឹង hashtag Happy mother day ថែម​ទៀត​ផង​។

ក្រុម​គ្រួសារ​របស់​កញ្ញា​​​ សាន កុសុមៈ អាច​ជា​គ្រួសារ​​អ្នក​មាន​ចិត្ត​បុណ្យ​ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ពោល​គឺ​នៅ​មុនបុណ្យ​ចូលឆ្នាំ​ប្រពៃណី​មួយ​ថ្ងៃ​ កញ្ញា​និង​អ្នក​ម្ដាយ​បាន​នាំ​យក​ទឹក​ប្រាក់​អំណោយ​សប្បុរស​ធម៌​ផ្ទាល់​ខ្លួន​និង​ពី​សប្បុរសជន​សរុប​ ២០០០$ (២​ពាន់​ដុល្លារ) ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

Telegram-Troryorng
Share.