ក្រៅពីតប់ប្រមល់ជាមួយរឿងនឹងកិច្ចការងារដ៏ច្រើនប្រចាំថ្ងៃ និងរឿងរ៉ាវគ្រួសារហើយ ងាកមកមើល ស្ថានភាព ចរាចរណ៍វិញ ខ្ញុំមានអារម្មណ៍ថា តប់ប្រមល់យ៉ាងខ្លាំងក្នុងរឿងកកស្ទះចរាចរណ៍ ដោយសា រតែការជិះមិនគោរពច្បាប់ចរាចរណ៍ ផ្លូវតូចចង្អៀត ផ្លាកសញ្ញាចរាចរណ៍មិនត្រឹមត្រូវតាមស្ដង់ដាដ និងការលក់ដូរលើចិញ្ចើមផ្លូវ ព្រមទាំងការចតគ្មានសណ្ដាប់ធ្នាប់ជាដើម។

កត្តាខាងលើនេះហើយ ដែលញាំងឲ្យខ្ញុំមានអារម្មណ៍គិតសាជាថ្មី គិតម្ដងហើយម្ដងទៀត តើត្រូវធ្វើយ៉ាងណា កុំឲ្យក្លាយជាចំណែកនៃបញ្ហាបង្កការកកស្ទះចរាចរណ៍ ងាកមកចូលរួមគោរពច្បាប់ និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងបញ្ចៀសហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

ឆ្លងកាត់បត់ពិសោធ៍ដ៏តិចតួចរបស់ខ្ញុំ ខ្ញុំបានផ្លាស់ប្ដូរទម្លាប់មិនល្អ មកជាទម្លាប់ល្អ ដូចខាងក្រោមនេះ៖

១. ចេញដំណើរពីព្រឹក៖ ពេលខ្ញុំចេញដំណើរទៅណាមកណា គឺខ្ញុំក្រោកពីព្រឹក គឺធ្វើដំណើរឲ្យបានមុនម៉ោង ០៦ព្រឹក ឬត្រឹមម៉ោង ៥ព្រឹក។ ខ្ញុំកត់សម្គាល់ថា ម៉ោងនេះ មិនសូវមានចរាចរណ៍រញ៉េរញ៉ៃច្រើន បើកបរស្រឡះស្រួល ហើយធ្វើដំណើរឆាប់ទៅដល់គោលដៅ។

២. ទៅធ្វើការពីព្រឹក៖ ការរៀបចំខ្លួនចេញដំណើរទៅធ្វើការពីព្រឹក ក៏ខ្ញុំព្យាយាមក្រោកពីព្រឹករៀបចំកិច្ចការងារប្រចាំថ្ងៃ នៅផ្ទះ ហើយធ្វើដំណើរចេញទៅធ្វើការឲ្យបានម៉ោង៦ ព្រោះថា ផ្ទះនៅជាយក្រុងភាគច្រើនស្ទះខ្លាំងនៅចន្លោះម៉ោង ៦កន្លះព្រឹក នៅត្រឹមស្ពានស្ទឹងមានជ័យ។

៣. ការយោគយល់៖ ការបើកបរលើដងផ្លូវនរណាក៏ប្រញាប់ដើម្បីធ្វើដំណើរឲ្យឆាប់ដល់គោលដៅដែរ ប៉ុន្ដែកត្តាសំខាន់នោះបើការរុលខ្លះធ្វើឲ្យជាប់គាំងចរាចរណ៍មិនល្អទេ ប្រសិនបើយើងផ្លូវ អាទិភាពក៏ដោយ ប្រសិនបើ គេបត់ឆ្លងមកហើយ យើងត្រូវឈប់ ទុកឱកាសឲ្យគ្នាបត់ទៅមុខឲ្យបានស្រួលបួលចៀសវាង រុលទៅកកស្ទះផ្លូវបំបែកជាបី ឬជាបួន។

៤. បើកបរតាមគន្លង៖ ប្រសិនបើយើងបើកបរប្រកាន់ទៅតាមគន្លង និងមានការយោគយល់គ្នាបានល្អ កត្តាកកស្ទះចរាចរណ៍ នឹងកាត់បន្ថយបានច្រើន។ គន្លងឡានកុំបើកចូលគន្លងម៉ូតូ ឯម៉ូតូកុំរុលខ្លាំងពេក កុំអាងខ្លួនតូចរុលគ្រប់ទិសទី រុលមកផ្លូវឡានក៏មាន ឡើងចិញ្ចើមក៏មាន ម៉្លោះហើយ ត្រូវបើកបរប្រកាន់គន្លង ជាកត្តាសខាន់ ដែលមើលទៅសណ្ដាប់ធ្នាប់ចរាចរណ៍បានល្អ និងមើលទៅអ្នកបើកបរ មានវិន័យត្រឹមត្រូវផង។

៥. គោរពច្បាប់៖ អ្នកបើកបរត្រូវតែគោរពឲ្យបាននូវច្បាប់ចរាចរណ៍ជាពិសេស ភ្លើងសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បើពុំដូច្នេះ ការរុលនៃយានជំនិះរបស់យើង នឹងក្លាយជាឧបសគ្គ នៃការកកស្ទះចរាចរណ៍ ជាពុំខាន។ ម៉្លោះហើយ ខ្ញុំប្រកាន់ខ្ជាប់នូវការគោរពភ្លើងសញ្ញាចរាចរណ៍ និងគំនូវចរាចរណ៍។

៧. កុំបើកបរក្នុងស្ថានភាពស្រវឹង៖ ខ្ញុំធ្លាប់ប្រទះឃើញអ្នកបើកបរខ្លះរេចង្កូតចុះឡើង ខ្ញុំមិនដឹងថាគាត់បើកយ៉ាងម៉េចទេ តែខ្ញុំសន្និដ្ឋានបឋមថា គាត់អាចមានសារធាតុស្រវឹង ឬសារធាតុញៀន ជាដើម ដូច្នេះ ការបើកបរបើស្រវឹងកុំបើកបរ បើកបរកុំពិសារគ្រឿងស្រវឹង ព្រោះវានាំឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។

៨. បើស្គាល់ផ្លូវវៀង គួរវៀង៖ ផ្លូវធំៗឥលូវស្ទះស្ទើររាល់ថ្ងៃ ជាក់ស្ដែងខ្ញុំផ្លូវស្ទឹងមានជ័យហ្នឹងឯង ស្ទើរនៅម៉ោងចេញពីផ្ទះទៅធ្វើការ និងចេញពីធ្វើការទៅផ្ទះ។ ម៉្លោះហើយខ្ញុំមានផ្លូវវៀងមួយចំនួន ចូលតាមច្រកតូចៗ ប្រសិនបើខ្ញុំមើលឃើញស្ថានការណ៍មិនស្រួល មួយទៀត ខ្ញុំបើក App មើលមុនចេញដំណើរលើដងផ្លូវ បើមានបន្ទាត់សញ្ញាក្រហម រកផ្លូវវៀងឲ្យហើយ៕

០៨ ចំណុចខាងលើនេះ គ្រាន់តែជាបទពិសោធតិចរបស់ខ្ញុំ ប៉ុន្ដែមិនដឹងថាត្រូវចិត្តបងប្អូនយ៉ាងណានោះទេ អ្វីដែលសំខាន់ខ្ញុំសង្ឃឹមថា គ្រប់គ្នាប្រកាន់ខ្ញុំនូវទម្លាប់ល្អ ក្នុងការបើកបរឲ្យបានត្រឹមត្រូវ គោរពច្បាប់ និងបើកបរក្នុងការយោគយល់គ្នាទៅវិញទៅមក៕ ចុះអ្នកវិញ?

អត្ថបទ៖ រ៉ាយុទ្ធ ប្រិយមិត្តត្រយង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.