តារាសម្ដែងជើងចាស់ពីភាពយន្តម៉ាហ្វៀរបស់ហុងកុងគឺលោក Kenneth Tsang ឬមហាជនស្គាល់ថា Zheng Jiang បានទទួលមរណភាពហើយនៅវ័យ៨៧ ឆ្នាំ។ បើតាមការបញ្ជាក់របស់សារព័ត៌មាន​ VOA Hong Kong បានអះអាងថា លោកបានបាត់បង់ជីវីតដោយសារជំងឺកូវីដ ១៩ ខណៈកំពុងសម្រាកព្យាបាលនៅក្នុងសណ្ឋាគារមួយកន្លែងនៅហុងកុង។

បងធំរបស់ហុងកុងរូបនេះ ធ្លាប់បានបង្ហាញមុខក្នុងភាពយន្តល្បីៗជាច្រើន ដែលភាគច្រើនលោកសម្ដែងជា៖ តួឪពុក បងធំម៉ាហ្វៀ និងតួក្បាច់គុនជាដើម។ ក្រៅពីជោគជ័យក្នុងវិស័យភាពយន្តរបស់ហុងកុងហើយនោះ បងធំរូបនេះក៏បានបោះជំហ៊ានចូលឧស្សាហកម្មភាពយន្តរបស់ហូលីដ ដែលមានមុខនៅក្នុងរឿងដូចជា៖ The Replacement Killers, Rush Hour, 007 Die Another Day, Memoirs of a Geisha, ជាដើម ។

ដោយឡែកកាសែត South China Morning Post និងប្រព័ន្ធផ្សព្វផ្សាយរបស់ចិនផ្សេងទៀត បានឱ្យលើកឡើងថា លោក Kenneth Tsang ត្រូវបានស្ថិតនៅក្រោមការឱ្យនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីត្រឡប់មកពីប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទ ហើយត្រូវបានគេឃើញដួលនៅលើឥដ្ឋនៃបន្ទប់សណ្ឋាគារដែលលោកកំពុងដាក់ខ្លួនដោយឡែកកាលពីថ្ងៃពុធ។

តាមការប្រកាសនៅគេហទំព័រភាពយន្តពិភពលោក IMDb បានឱ្យដឹងថា បងធំហុងកុង Zheng Jiang មានកិត្តិយសក្នុងការសម្ដែងភាពយន្តទាំងអស់ចំនួន 237 ដែលចាត់ទុកថាជារៀមច្បងនៅក្នុងផលិតកម្មភាពយន្ត និងទូរទស្សន៍ហុងកុង និងជាពិសេសនៅក្នុងខ្សែភាពយន្តស៊ើបអង្កេត និងសិល្បៈក្បាច់គុន។

តារាប្រុស Kenneth Tsang កើតនៅទីក្រុងសៀងហៃ ហើយលោក Tsang បានចាប់ផ្តើមអាជីពសម្តែងភាពយន្តបន្ទាប់ពីទទួលបានសញ្ញាប័ត្រស្ថាបត្យកម្មនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅឆ្នាំ 1955 ។ ហើយនៅឆ្នាំ 1969 លោកបានសម្ដែងដល់ទៅខ្សែភាពយន្តជាង 20 ដែលច្រើនបំផុតសម្រាប់តារាហុងកុង និងបន្តធ្វើការលើវិស័យភាពយន្តនេះរហូតដល់បានបាត់បង់ជីវិតតែម្ដង៕

Telegram-Troryorng
Share.