សារព័ត៌មានត្រយងបានទទួលដំណឹងមកថា តារាភាពយន្តជើងចាស់ លោកស្រី ប៊ុន ចន្ទសោភា ធ្លាប់សម្ដែងក្នុងភាពយន្តរឿង «ផ្កាព្កុលមាស» បានទទួលមរណភាពហើយ។

យោងតាមក្រុមព្រះសុរិយា បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួននាពេលមុននេះបន្តិច បានរៀបថា លោកស្រី ប៊ុន ចន្ទសោភា អតីតតារាភាពយន្តខ្មែរទសវត្ស៦០ និង៧០ បាន​ទទួលមរណភាព នៅម៉ោង ១១:៤៥ ព្រឹក ថ្ងៃទី៥ ខែឧសភា ២០២២​នេះ​នា​គេហដ្ឋានរបស់លោកស្រី ភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ ដំណឹងដ៏រន្ធត់ឥតឧបមា និងសោកស្តាយរបស់ទីបំផុតនេះត្រូវបាន ក្រុមព្រះសុរិយា អះអាងថា ទើបតែរកឃើញលោកស្រី ប៊ុនចន្ទ សោភា កាលពីដើមខែកក្កដា ឆ្នាំ២០២១ ដោយកន្លងទៅលោកស្រីបានរស់នៅយ៉ាងស្ងៀមស្ងាត់លាក់ខ្លួន កសាងជីវភាពថ្មីឆ្ងាយពីវិស័យសិល្ប់ៈភាពយន្តខ្មែរ តាំងពីរបបខ្មែរក្រហមបញ្ចប់ទៅម្ល៉េះ។

លោកស្រី ប៊ុន ចន្ទ​សោភា​ បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរតាមរយៈគឺ​ លោក​ យក់​ ប៊ុនឡេង​ សិល្បករល្ខោនបាសាក់​ និងជាតួសម្តែងភាពយន្តផងដែរ។ លោកស្រីចូលសម្តែងជាតួរង​នាចុងសប្តាហ៍សម័យសង្គមរាស្រ្តនិយម រហូតបានទទួលតួនាទីជាតួឯកក្នុងសម័យសាធារណរដ្ឋខ្មែរ ដូចជារឿង «ត្រពាំងពាយ» រឿង «ផ្កាព្កុលមាស» , រឿង «ផលកម្មខ្ញុំជាដើម»។

មហាជនអ្នកគាំទ្រនិងស្រឡាញ់វិស័យសិល្បៈខ្មែរមុនឆ្នាំ១៩៧៥ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រីសូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

សូមជម្រាបផងដែរថា ប្រវត្តិ និងសា្នដៃសំខាន់ៗរបស់លោកស្រី ប៊ុន ចន្ទសោភា ក្រុមព្រះសុរិយាកំពុងចងក្រង និងផ្សព្វផ្សាយខ្លះៗរួចមកហើយ។

ប្រភព៖ ក្រុមព្រះសុរិយា

Share.