អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ និង​ ជា​គ្រូ​​បង្ហាត់​បង្រៀន​ដើរ​ម៉ូដ​​លោក​ អូលីវ៉ា​ គង់​ បាន​​ប្រកាស​ប្រឆាំង​ដាច់​ខាត​ហើយ​ថែម​ទាំង​ព្រមាន​ប្លុក​មិត្ត​ភក្ដិ​ណា​ដែល​គាំទ្រ​ទង្វើ​មួយ​នេះ​នៅ​លើ​ហ្វេសប៊ុក​ថែម​ទៀត​ផង​។​

នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ នេះ លោក​ អូលីវ៉ា​ គង់​ បាន​ធ្វើ​ការ​ប្រកាស​ដោយ​ចំហ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​បង្ហាញ​​ពី​ការ​មិន​គាំទ្រ​ទង្វើ​និង​សកម្មភាព​ក្នុង​ការ​ប្រើប្រាស់​ភាសា​ខៀវ​នោះ​ទេ​ លោក​ថែម​ទាំង​ណែនាំ​ចំពោះ​អ្នក​ដែល​​យក​ភាសា​ជាតិ​មក​លេង​សើច​ ឱ្យ​មាន​ការ​ភ្ញាក់​ខ្លួន​ ព្រោះ​អាច​នាំ​ឱ្យ​មាន​ការ​ខាត​បង់​ក៏​ថា​​​បាន​។

​«​Friend ​ហ្វេសប៊ុក​ខ្ញុំ​ណា​គាំទ្រ​ទង្វើ​នេះ​ ​ឬ​ប្រព្រឹត្ត​ទង្វើ​ដូច​នេះ​ ​ខ្ញុំ​សូម​ប្លុក​ចោល​ដោយ​មិន​មាន​លក្ខខណ្ឌ​ បើ​អស់​លោក​មិន​ជួយ​ជ្រោមជ្រែង​លើ​ការ​ប្រើ​ភាសា​ជាតិ​ឱ្យ​បាន​ល្អ​ទេ​ ​សូម​កុំ​រួមគ្នា​បំផ្លាញ​ឱ្យ​សោះ​ ​ភ្ញាក់​ខ្លួន​ឡើង​។​ កុំ​លេង​សើច​នឹង​រឿង​ដែល​នាំ​ឱ្យ​ខាតបង់​ ​ក្រែង​វា​វិនាស​ដោយ​មិន​ដឹង​ខ្លួន​។​​»

ភាសា​ខៀវ​ដែល​យុវវ័យ​យក​មក​ប្រើ​ប្រាស់​នេះ​គឺ​ការ​យក​ពាក្យ​មួយ​ម៉ាត់​មក​ផ្សំ​ជាមួយ​នឹង​ពាក្យ​ខៀវ​ហើយ​គន្លាស់​ដើម្បី​ឱ្យ​ចេញ​ជា​អត្ថន័យ​ ​ឧទាហរណ៍​ដូច​ជា​ពាក្យ​ថា​អ្នក​និយាយ​ពាក្យ​ទៅ អ្នក​ត្រូវ​យក​ពាក្យ​ខៀវ​បូក​ទៅ​ស្មើ​នឹង​ថា​ចេញ​ជា​ពាក្យ​ថា​ ​ទៀវខូវ​​ដែល​គន្លាស់​បាន​ជា​ទៅ​ខៀវ​ ច្បិច​យក​តែ​ពាក្យ​ខាង​មុខ​មក​កាត់​ជា​ន័យ​ដែល​ពាក្យ​ថា​ ទៀវខូវ​នេះ​ មាន​ន័យ​ស្មើ​នឹ​ង​ពាក្យ​ថា​ទៅ​។​

សំណេរ​បដិសេធ​មិន​គាំទ្រ​ឱ្យ​យក​ភាសា​ជាតិ​មក​ប្រើ​ជា​លក្ខណៈ​លេង​សើច​របស់​លោក​ អូលីវ៉ា គង់​ ទទួល​បាន​ការ​អបអរសាទរ​និង​កោតសរសើរ​ ពី​មិត្ត​ភក្ដិ​លើ​បណ្ដាញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ពី​​លោក​បាន​បង្ហោះ​ចេញ​រួច​មក​៕​

Telegram-Troryorng
Share.