ប្រិយមិត្តត្រយងប្រាកដជាបានដឹងហើយរួចមកហើយ ពាក់ព័ន្ធនឹងរឿងបែកធ្លាយសំឡេងសន្ទនារវាងអ្នកនាង ដេត ម៉ាលីណានិងបុគ្គលឈ្មោះ វ៉ាន់ ដែលក្រោយមកត្រូវគេដឹងថាជាកូនធម៌របស់ម្ដាយលោក ឌួង ឆាយដែលក្នុងបទសន្ទនានោះមាននិយាយដល់ការរៀបគម្រោងធ្វើបាបលោក ឌួង ឆាយពីឪពុករបស់ខ្លួន។ ប៉ុន្តែសម្រាប់រឿងរ៉ាវដែលត្រយងយកផ្សាយជូននៅពេលនេះ គឺភាគីអ្នកនាង ដេត ម៉ាលីណា បានចេញមកលុបលាងរកភាពស្អាតស្អំសម្រាប់ខ្លួនវិញ។

យោងតាមបទសន្ទនាមួយតាមប្រព័ន្ធតេឡេក្រាម ដែលមានឈ្មោះថា A.ly.na និងមានដាក់រូបរបស់អ្នកនាងដេត ម៉ាលីណាបានសរសេររៀបរាប់ពាក់ព័ន្ធទៅនឹងករណីសំឡេងបែកធ្លាយខាងលើយ៉ាងដូច្នេះ៖
«ខ្ញុំនិងប្តឹងរកយុត្តិធម៌សម្រាប់ការលាបពណ៌ខ្ញុំជាមួយនិងប៉ា មិនឲ្យគេចោទទេ ហើយសម្រាប់សំឡេងខ្ញុំជាមួយបង វ៉ាន់ គឺខ្ញុំនឹងប្តឹង ហើយបកស្រាយថា រឿងប៉ានិងខ្ញុំ និយាយពីប៉ា គឺខ្ញុំដឹងអត់ច្បាស់ទេ គ្រាន់តែឮតៗគ្នាពីគេប្រាប់ទេ មិនមែនការពិតច្បាស់លាស់ អ៊ីចឹងខ្ញុំសង្ឃឹមថា ខ្ញុំមិនដែលមានបំណងនិយាយអាក្រក់ និងបំផ្លាញប៉ាទេ មានតែការអាណិតគេលាបពណ៌ប៉ា»។

ពាក្យពេចន៍ខាងលើនេះ នៅមិនទាន់អាចសន្មតថាជាអ្នកនាង ដេត ម៉ាលីណាមួយរយភាគរយដែរ ដរាបណាមិនមានការចេញមកអះអាងដោយផ្ទាល់ពីសាមីខ្លួន យ៉ាងណាមិញត្រយងនឹងព្យាយាមទំនាក់ទំនងទៅកាន់អ្នកនាង ដេត ម៉ាលីណាដើម្បីបញ្ជាក់ពីករណីនេះ ប៉ុន្តែប្រសិនបើអ្នកនាង ដេត ម៉ាលីណា ចង់ទាក់ទងមកកាន់សារព័ត៌មានយើងដើម្បីធ្វើការបកស្រាយឬយ៉ាងណានោះ ខាងយើងខ្ញុំបើកទ្វារស្វាគមន៍ជានិច្ច។

រឿងរ៉ាវជំលោះហែកហួរគ្នារវាងគូស្នេហ៍អភិជនអ្នកនាង ដេត ម៉ាលីណារួមទាំងអតីតស្វាមី លោក ឌួង ឆាយបានស្ងាត់មួយរយៈធំហាក់ស្ងប់ស្ងាត់ទៅតាមពេលវេលា ប៉ុន្តែសំឡេងសន្ទនាតាមរយៈទូរស័ព្ទរវាងបុរសនិងស្ត្រីពីររូបដែលគេសន្មតថាជាអតីតភរិយាលោក ឌួង ឆាយនិងឈ្មោះ វ៉ាន់ កូនធម៌ម្ដាយលោក ឌួង ឆាយ បានដុតកំដៅឱ្យរឿងនេះត្រលប់មកពុះកញ្ជ្រោលសារជាថ្មីឡើងវិញ ៕
