ប្រាំមួយថ្ងៃក្រោយមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលស្គាល់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម។ ការសម្រេចនេះ មានន័យថាឥស្សរជនវ័យក្មេងគណបក្សប្រជាជនកម្ពុជារូបនេះ ក្លាយជាអ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ឯឧត្តម ស្លេះ ពុនយ៉ាម៉ីន កើតនៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៨០។ ដោយឡែកយោងតាមទំព័រហ្វេសប៊ុកសហភាពសហព័ន្ធយុវជនកម្ពុជា (ស​.ស.យ.ក) ឯកឧត្តមមន្រ្តីខ្មែរឥស្លាមរូបនេះ ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនយុវជនខេត្តកំពង់ចាមផងដែរ។ ចំណែកហ្វេសប៊ុកសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក៏បានបង្ហាះព័ត៌មានជាច្រើនដែរដែលបង្ហាញពីសកម្មភាពជួយសង្គមរបស់ឯកឧត្តម ស្លេះ ពុនយ៉ាមីន ពិសេសការជួយជ្រោមជ្រែងដល់ពលរដ្ឋខ្មែរឥស្លាម។

ជុំវិញព័ត៌មាននេះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជាក់ប្រាប់គេហទំព័រត្រយងនៅថ្ងៃទី១០ ខែឧសភានេះថា ក្នុងកិច្ចប្រជុំនាថ្ងៃស្អែកនេះ រដ្ឋសភាក៏នឹងមានការប្រកាសទទួលស្គាល់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមផងដែរ៕

Share.