ហេតុអ្វីទើបបវរកញ្ញាចក្រវាឡមកពីប្រទេសម៉ិកស៊ិកក្លាយជាបវរកញ្ញាដែលកាន់តំណែង ជាបវរកញ្ញាចក្រវាឡ (Miss Universe) មានរយៈពេលខ្លីជាងគេបំផុត?

រំលឹកថយក្រោយ សំណាងហាក់មិនចូលរួមជួយអបអរសាទរម្ចាស់តំណែង Miss Universe 2020 កញ្ញា Andrea Meza ទាល់តែសោះ ព្រោះមិនទាន់គ្រប់២៤ម៉ោង នៃការប្រកួតផងក៏មានលេចចេញពាក្យចចាមអារ៉ាមនាំឱ្យក្លាយជាដ្រាម៉ាពេញសង្គមអនឡាញពាក់ព័ន្ធនឹងការចោទប្រកាន់ថាស្រីស្អាតមកពីទ្វីបអាមេរិកឡាទីនរូបនេះបានរៀបការរួចហើយ រហូតមានការបញ្ជាក់អះអាងពីភាគីខាងប្រុសនិងសាក្សីជាច្រើនរូបទៀតថានោះគ្រាន់តែជា Photo shot សម្រាប់ផ្សព្វផ្សាយក្នុងយុទ្ធនាការឃោសនាទេសចរណ៍ទើបរឿងរ៉ាវបានស្ងប់ស្ងាត់ទៅវិញ។

ប៉ុន្តែតំណែងដែល Andrea Meza គ្របគ្រងនេះហាក់នៅជាមួយនឹងកញ្ញាមិនយូរនោះទេ ព្រោះកម្មវិធីប្រកួតបវរកញ្ញា Miss Universe 2021 នឹងរៀបចំការប្រកួតនៅដំណាច់ឆ្នាំ២០២១នេះ ដូច្នេះបានសេចក្ដីថា Andrea បានកាន់តំណែងនេះយូរបំផុតត្រឹម៦ខែប៉ុណ្ណោះ ព្រោះការប្រកួត Miss Universe ជាធម្មតានឹងរៀបចំឡើងក្នុងអំឡុងខែ ធ្នូ ឬ ខែ មករា ហើយប្រកាសឱ្យប្រទេសនានាចុះឈ្មោះចូលរួមប្រកួតនៅក្នុងអំឡុងខែសីហា ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ រាតត្បាតពិភពលោក ទើបធ្វើឱ្យកម្មវិធីប្រកួតឆ្នាំ ២០២០ មករៀបចំនៅពាក់កណ្ដាលឆ្នាំ២០២១ ជំនួសវិញ។

គណៈកម្មការរៀបចំការប្រកួត MU បានជូនតំណឹងទៅតំណាងប្រទេសនានាឱ្យប្រញាប់រៀបចំការប្រកួតឬក៏ជ្រើសរើសតែងតាំងបេក្ខនារីតំណាងប្រទេសខ្លួនឱ្យបានរួចរាល់ត្រឹមខែសីហាខាងមុខនេះ ដោយសារតែការប្រកួត Miss Universe 2021 នឹងរៀបចំឡើងនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះហើយ។
សរុបសេចក្ដីទៅ កញ្ញា Andrea Meza បវរកញ្ញាចក្រវាឡចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ២០២០ ឬ Miss Universe 2020 គឺជាម្ចាស់មកុដនិងតំណែង Miss Universe ដែលមានអាយុកាលខ្លីជាងគេបំផុតព្រោះកញ្ញាទើបតែបានគ្រងតំណែងនេះកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ប៉ុណ្ណោះ ហើយនៅខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខកញ្ញាត្រូវត្រៀមខ្លួនផ្ទេរមកុដនិងតំណែងទៅឱ្យបវរកញ្ញាពីប្រទេសណាមួយដែលនឹងក្លាយជាម្ចាស់តំណែង Miss Universe 2021៕
