ខណៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បើកបង្ហាញមុខបេក្ខភាព ភៀន ភារិន ដែលបកស្រាយបទចម្រៀង «ខ្ចីលុយម៉ែក្មេក » កាលពីថ្ងៃប្រកួតវគ្គ Judge Audition នាថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២ រំលងបានមួយថ្ងៃ ស្រាប់តែគេឃើញកូនស្រីរបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បង្ហោះនៅលើហ្វេសប៊ុសឱ្យមហាជនបានដឹងថា ការកាឡៃបទចម្រៀងកម្មសិទ្ធបញ្ញាយកមកច្រៀងក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោក គឺជាការបំពានដល់ម្ចាស់ស្នាដៃ និងបង្កឱ្យក្មេងជំនាន់ក្រោយយល់ខុស មិនស្គាល់បទដើម។

ការ​រំលោភ​កម្មសិទ្ធិ​បញ្ញាស្នាដៃបទចម្រៀងមរតដើម​ជា​បញ្ហា​មួយ​ធំ​នៅ​កម្ពុជា គេកត់សម្គាល់ឃើញមានស្នាដៃកាឡៃ ថត​ចម្លង ឬធ្វើអាជីវកម្មនៅបណ្ដាញសង្គមយូធូប ក៏មានច្រើនដែរ។ ការចម្លង ឬកាឡៃស្នាដៃ ពិតណាស់គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើមនោះទេ។ ដូច្នោះហើយ ទើបធ្វើឱ្យម្ចាស់ស្នាដៃ កើតក្ដីមិនសុខចិត្ត និងចង់ចេញមុខការពាររបស់ខ្លួន តាមរយៈនិតិវិធី។ កូនស្រីកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ឈ្មោះ​ ប៊ុនឈឿន សូរីវិល័យ ក៏បានរៀបរាប់ឱ្យមហាជនដឹងពីការពារ បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) ដែលត្រូវបេក្ខភាពយកបទកាឡៃចំណងជើង«ខ្ចីលុយម៉ែក្មេក » មិនគួរយកមកច្រៀងក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោកនោះទេ។

«យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) ម្ចាស់សំនៀង រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោក រឿងពិតរបស់ខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក ) អ្នកដំបូងដែលយកបទ មកក្រឡៃ រហូតមាន អ្នកមិនដឹងយកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើអោយក្មេងជំនាន់ក្រោយកាន់តែយល់ច្រឡំ បទចម្រៀង មិនគិតពីម្ចាស់ដើម រួមទាំងការលួចរាប់រយបទផ្សេងទៀតរៀបរាប់មិនអស់ សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ ពី យូធូប រឺ អ្វីផ្សេងទៀត ពួកខ្ញុំមិនអនុញ្ញាតិទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បាប់កម្មសិទ្ធបញ្ញា សូមបញ្ជាក់ថាពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី រក្សាទំរង់ដើមតែមិនក្រឡៃបទ ម្ចាស់ដើម . កន្លងមក ដូច រឿងនាយចឺមច្រៀង បទ នឹកភូមិភ្នំធំ ដែលយកមកក្រឡៃថ្មី ធ្វើអោយក្រុមគ្រួសារខ្ញុំចេញមុខ តវ៉ា .កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបាន លុយ បានអី ហើយដើរ រករឿងគេ គ្រាន់តែយកបទចម្រៀងមក ច្រៀងថ្មី សោះតាម ការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹងអ្នកណា រី បានសំណងពី នរណាម្នាក់ទេ .តើខុសទេដែលម្ចាស់ដើមទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់ បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម សូមអរគុណ 👏✍️❤️🎋 ដោយក្តីគោរពពីនាងខ្ញុំ ប៊ុនឈឿន សូរីវិល័យ ជាកូនស្រី (អ្នកកាន់ផេករបស់លោកប៉ា គង្គ ប៊ុនឈឿន)»។ ទាំងនេះជាសម្រង់សំណេរពីហ្វេសប៊ុក គង្គ ប៊ុនឈឿន Kong Bunchhoeun។

មែនទែនទៅ បញ្ហាបទ «ខ្ចីលុយម៉ែក្មេក » ដែលបេក្ខជនលើកយកមកច្រៀងនេះ ត្រូវបានមហាជនមានមតិថា «ជារឿងដែលហួសចិត្តគឺមហាជនខ្មែរមួយចំនួនស្ដាប់ចម្រៀងដោយគ្មានបញ្ញា។ បទចម្រៀងគ្មានការអប់រំ, អសីលធម៌, គ្មានអត្តសញ្ញាណជាខ្មែរ។ ចម្លងបទម្ចាស់ដើមឬពីបរទេសហើយបំភ្លេចម្ចាស់ស្នាដៃគេចោល…ឈ្មោះម្ចាស់ស្នាដៃមិនត្រូវបានដាក់ផ្សព្វផ្សាយឱ្យមហាជនស្គាល់។ ទង្វើបាបបែបនេះបែជាមានការគាំទ្រភ្លូកទឹកភ្លូកដីហើយចែករំលែកតគ្នា»។

យ៉ាងណាមិញ គេក៏បានឃើញកូនស្រីកវី គង្គ ប៊ុនឈឿន បានអះអាងនៅក្នុង Comment បន្ថែមថា ខាងហង្សមាស គួរតែពិនិត្យ មុននឹងឱ្យបេក្ខជនលើកបទបំពានស្នាដៃមកបកស្រាយ។ «មិនថា កូននិងខុសទេ គ្នាមិនដិង ហើយបងមិនដឹងបទនិងគេលួចដូរដែរ តែខាងហង្សមាស គាត់គួរពិនិត្យមើលមុននិងអោយច្រៀង។ សង្ឃឹមថា និងមិនមានរឿងអញ្ចឹងទៀតលើកក្រោយ.ព្រោះអ្នកមើល រាប់លាននាក់ »។ មតិនេះ ក៏ឃើញមានការគាំទ្រមានអ្នកលេងបណ្ដាញសង្គមមួយរូបទៀត បានលើកឡើងថា ៖ «សូមឈប់កាឡៃស្នាដៃគេទៀតទៅ។ ទាំងមេប្រយោគប្រឡង គួរតែដាក់លក្ខខ័ណ្ឌនេះ។ អ្នកដែលយកបទគេមកកាឡៃ ហាមមកប្រឡង»។

ការលើកឡើងទាំងអស់នេះ គ្រាប់តែចង់បង្ហាញពីអារម្មណ៍ និងការយល់ឃើញពីក្រុមគ្រួសាររបស់ម្ចាស់ស្នាដៃតែប៉ុណ្ណោះ ចុះហ្វេនទាំងអស់គ្នាដាក់ពិន្ទុរបែបណាដែរ?

សូមរីករាយទស្សនាបទចម្រៀង សែនឈឺចិត្ត ពីកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន៖

Share.