ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក គម្រោងកម្ពុជាហាវែស II បានជួយវិស័យឯកជនបង្កើនទុនវិនិយោគ ប្រមាណជា ២៨ លានដុល្លារ សហរដ្ឋអាមេរិក បង្កើតការងារជាង២៥០០ កន្លែង គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្មចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ សហរដ្ឋអាមេរិក។ គម្រោងនេះបានបំពេញការងារជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជនសហគមន៍កសិកម្ម និងអ្នកផលិតដើម្បីជំរុញកំណើនវិស័យសាកវប្បកម្មប្រកបដោយនិរន្តរភាព។

តើអ្វីទៅជាសាកវប្បកម្ម?

សាកវប្បកម្ម គឺជាផ្នែកនៃកសិកម្មដែលពាក់ព័ន្ធនឹងការផលិត និងការប្រើប្រាស់ផ្លែឈើ បន្លែ និងរុក្ខជាតិដើម្បីលម្អ។ វារួមបញ្ចូលទាំងការសិក្សាពីដើមឈើ ផ្កា ដើមរុក្ខជាតិវល្លិ និងស្មៅ។ មុខជំនាញរួមមានផ្លែឈើ បន្លែ ផ្កា ការគ្រប់គ្រង កែច្នៃ និងស្តុកទុកអាហារ ការរៀបចំដី ការដាំកូនឈើ និងការគ្រប់គ្រងជួរ ការគ្រប់គ្រងកូននិងការបង្កាត់ពូជរុក្ខជាតិ។ 


លោកស្រី ណែន ស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្មប្រចាំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធិបតី ដើម្បីអបអរសាទរសមិទ្ធផលរបស់គម្រោង ដែលបានប្រារព្ធធ្វើឡើងក្នុងថ្ងៃនេះ នៅរាជធានីភ្នំពេញ។

លោកស្រី ណែន ស៊ី ជែ អ៊ីសលីក បានមានប្រសាសន៍ថា “គម្រោងកម្ពុជាហាវែស II បានធ្វើការជាដៃគូជាមួយ   កសិអាជីវកម្ម អ្នកផលិត និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីកែច្នៃផលិតផលកសិកម្មថ្មីចំនួន ១៤០ សម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ យើងមានមោទកភាពចំពោះវឌ្ឍនភាពនេះ ដែលយើងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា។



គម្រោងកម្ពុជាហាវែស II ជំរុញកំណើនវិស័យសាកវប្បកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ព្រមទាំងបណ្តាខេត្តមួយចំនួនផ្សេងទៀត។ គម្រោងនេះត្រូវបានឧបត្ថម្ភថវិកាដោយគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២។

Share.