មហាជនភាគតិចណាស់ដែលបានស្គាល់អ្នកនាង កាក់ ចន្ធី ជាតារាចម្រៀងរ៉ុកអេនរ៉ូលប្រចាំប្រទេសកម្ពុជា ប៉ុន្តែគេបានស្គាល់តែបទចម្រៀង «យប់នេះចង់ញ៉ាំស្រា» ឬ Woman Wants To Drink ជាបទពេញនិយមស្ដាប់នាសព្វថ្ងៃនេះ និងជាស្នាដៃចុងក្រោយមុនពេលអ្នកនាងបានមរណភាព។

ដំណើរជីវិតតស៊ូ កម្រត់ រហូតបានក្លាយជាអ្នកចម្រៀងនៅរាជធានីភ្នំពេញ ត្រូវបានផលិតជាខ្សែភាពយន្ត​ឯកសារ ដែលមានចំណងជើងថា ៖ «The Cambodian Space Project – Not Easy Rock ‘N’ Roll» ពីផលិតករ Marc Eberle នាឆ្នាំ២០១៥។

ភាពយន្តនេះបានលាត្រដាងអំពីជីវិតពិតរបស់អ្នកនាង កាក់ ចន្ធី ដែលអំឡុង​ឆ្នាំ​២០០៩ នៅ​ហាង​ខារ៉ាអូខេ​មួយនៅ​ភ្នំពេញ តន្ត្រីករ​អូស្ត្រាលី Julien Poulson បាន​ឮ​សំឡេង​ដ៏​អស្ចារ្យ​របស់​នារី​ភូមិ​ក្រីក្រម្នាក់ឈ្មោះ ស្រីធី។ ស្រីធី ចូល​ចិត្ត​បទ​ចម្រៀង Rock ‘N’ Roll ពី​សម័យ​កាល​មាស​របស់​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ៧០។ តន្ត្រីករ​អូស្ត្រាលីបានចាប់ចិត្តលើស្រីធី និងបង្កើតគម្រោងមួយដែលឱ្យឈ្មោះថា “គម្រោងលំហអាកាសកម្ពុជា” ដែលគម្រោងនេះ ជាការបំផុតពីតន្ត្រីបែបរ៉ុកRock ‘N’ Roll ដ៏រំភើប មានការចាប់អារម្មណ៍ច្រើនពីមហាជននៅទីក្រុងឡុងដ៍ ប៉ារីស ហុងកុង និងស៊ីដនី។ មហាជនទូទាំង​ពិភពលោក​ភ្ញាក់​ផ្អើលនិងគាំទ្រ​សំឡេងរបស់តារាចម្រៀងពី​ទសវត្សរ៍​ឆ្នាំ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ៧០ របស់កម្ពុជា។ ស្រីធី ក៏ក្លាយជាសិល្បការិនី​ចម្រៀងរ៉ុកអេនរ៉ូលប្រចាំប្រទេសកម្ពុជាមានគាំទ្រខ្លាំងតាមរយៈគម្រោងនោះ និងរួមដំណើរក្រុមតន្ត្រីរ៉ុករបស់​ Nick Cave និង MC5’s Wayne Kramer។

ដោយភាពភាពយន្តឯកសារជីវិតតស៊ូរបស់អ្នកនាង កាក់ ចន្ធី បានធ្វើដំណើរទៅនបញ្ចាំងនៅតាមមហោស្រពភាពយន្តអន្តរជាតិទូទាំងពិភពលោក ហើយទទួលបានការកោតសរសើរនិងវាយតម្លៃថាជាភាពយន្តល្អដាច់គេ។ ចំណែកឯកនៅក្នុងតារាងដាក់ពិន្ទុរភាពយន្តពិភពលោក IMDB គេឃើញមានមហាជនបោះឆ្នោតឱ្យភាពយន្តមួយនេះ ក្នុងពិន្ទុរ 8.3 ដែលពិន្ទុរខ្ពស់ល្អសម្រាប់ភាពយន្តឯកសាររបស់កម្ពុជា។ ភាពយន្តនេះក៏ធ្លាប់បានចាក់បញ្ចាំងនៅកម្ពុជាដែរ តាមរយៈកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។

គេនៅចាំបានថា អ្នកនាងកាក់ ចន្ធី បាន​បាត់​បង់ជីវិតក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំងវ័យ ៣៨ ឆ្នាំ​មួយកាល​ពី​យប់​រំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃទី២០ ខែ​មិនា នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេងទុង រាជធានី​ភ្នំពេញ ។ កាលណុះ អ្នកនាងបានបន្សល់ទុក​កូនប្រុស​ម្នាក់អាយុ ១៣​ឆ្នាំ ហើយ​សពត្រូវបានបញ្ជូនទៅបូជានៅ​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែងតាម​ប្រពៃណី​ព្រះពុទ្ធសាសនា។ រហូតមកទល់សព្វថ្ងៃនេះ គឺសល់តែសំឡេងម្ចាស់បទ «យប់នេះចង់ញ៉ាំស្រា» ដែលមានការគាំទ្រខ្លាំងនៅលើបណ្ដាញសង្គម តែគួរឱ្យស្ដាយម្ចាស់បទបានស្លាប់ជិត៤ឆ្នាំមកហើយ៕

សូមរីករាយទស្សនាវីដេអូ៖

Share.