ស្រ៊ាង ស្រីនិច​ បេក្ខនារី​ប្រកួត​កម្មវិធី​ Cambodia Idol កំពុង​រងការ​រិះគន់​កប់​មាត់​ពី​អ្នក​គាំទ្រ​កម្មវិធី​ក៏​ដូច​ជា​មហាជន​ ក្រោយ​វីដេអូ​ឃ្លីប​ប្រកួត រត់​ហួស​ឪពុក​ទៅ​ឱប​ពិធីការិនី​ ថន លក្ខិណា ត្រូវ​បាន​កម្មវិធី​យក​មក​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​​ទំនាក់ទំនង​សង្គម​។

បេក្ខនារី​​ប្រកួត​រដូវ​កាល​ទី​៤​នៃ​កម្មវិធី​ Cambodia Idol របស់​ទូរទស្សន៍​ហង្សមាស​ បាន​ឆ្លង​ផុត​វគ្គ​ដាក់​ពាក្យ​តាម​អនឡាញ​ រហូត​ឈាន​ឡើង​មក​ដល់​វគ្គ​ Judge Audition ហើយ​ទទួល​បាន​ Yes រហូត​ដល់​ទៅ​​៤​ពី​គណៈ​កម្មាការ​​ (ឆន សុវណ្ណារាជ ឱក សុគន្ធ​កញ្ញា ផន ស្រីខួច និង​ ណុប បាយ៉ារិទ្ធិ)។

ក្រោយ​ទទួល​បាន​ Yes ដល់​ទៅ​៤ ពីគណៈ​កម្មការ​ឱ្យ​បន្ត​ទៅ​វគ្គ​បន្ទាប់​ ពិត​ជា​ធ្វើ​ឱ្យ​បេក្ខនារី​​វ័យ​២០​ឆ្នាំ​រូបនេះ​ ​រំភើប​ជា​ពន់ពេក រហូត​ដល់​ថ្នាក់រត់​ចេញ​មក​ក្រៅ​ហើយ​ទៅ​ឱប​ពិធីការិនី​ រំលង​ហួស​លោក​ឪពុក​ដែល​ខំ​ប្រឹង​ជូន​មក​ប្រកួត​។ សកម្មភាព​នេះ​ត្រូវ​បាន​អ្នក​ទស្សនា​ថ្កោល​ទោស​ចំពោះ​កូន​ស្រី​រូប​នេះ​គ្រប់​ៗ​គ្នា​ ហើយ​ចាត់​ទុក​ថា​ជា​ទង្វើ​មួយ​មិន​គួរ​គប្បី​ទាល់​តែ​សោះ​។

«គាត់គិតថាកូនស្ទុះមករកគាត់ហេីយ បានខំលេីកដៃរត់អោប តែមិនដឹងថាទៅជាចឹងណា», «យល់ដល់ទឹកចិត្តឪពុកខ្លះផងឪពុកខំរត់ទៅឱបកូនបែរជាកូនរត់ទៅឱបអ្នកផ្សេងទៅវិញខ្ញុំហួសចិត្តនិងទង្វើបែបនេះខ្លាំងណាស់»
, «ចុះឪពុកនៅនឹងមុខហើយមិនអោប សូម្បីតែពិធីការនីក៏គាត់ស្រងាកចិត្តដែ»

ក្រោយ​មាន​ការ​រិះគន់​យ៉ាង​ច្រើន​ពី​អ្នកទស្សនា​ បេក្ខនារី​ រូប​នេះ​បាន​ចេញ​មក​សុំទោស​ចំពោះ​កង្វះ​ខាត​និង​កំហុស​ឆ្គង​ដោយ​អចេតនា​របស់​ខ្លួន​ថា​៖ «សូមជម្រាបសួរពុកម៉ែបងប្អូន នាងខ្ញុំស្រ៊ាង ស្រីនិច ដែរជាបេក្ខនារីប្រឡងចម្រៀង Cambodian Idol រដូវកាលទី4នេះ ថ្ងៃនេះដែរនាងខ្ញុំ ចង់មកសុំទោសជាសាធារណៈនូវអាប្បកិរិយាឆ្គាំឆ្គងទៅលើឪពុករបស់នាងខ្ញុំកាលពីវគ្គ Judge Audition នាងខ្ញុំពិតជាគ្មានចេតនានិងមិនបានតាំងចិត្តថានឹងធ្វើបែបនេះហើយក៏មិនចង់បង្កើតអោយមានរឿងខុសឆ្គងបែបនេះទេ ព្រោះតែនាងខ្ញុំត្រេតអរខ្លាំងពេកមិនបានមើលគ្រប់ជ្រុងជ្រោយ នាងខ្ញុំពិតជាសុំទោសពិតមែន 🙏 សង្ឃឹមថាពុកម៉ែបងប្អូននឹងយោគយល់និងអភ័យទោសដល់រូបនាងខ្ញុំ។ នាងខ្ញុំក៏សូមអរគុណចំពោះពាក្យលើកទឹកចិត្តដល់រូបនាងខ្ញុំ ។សូមអរគុណ🙏🙏»

ទស្សនា​វីដេអូ​ទាំង​ស្រុង​ ខាងក្រោម​នេះ​៖

Share.