សពរបស់ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា នឹងបូជានៅថ្ងៃនេះ ទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤ រសៀល។ ចាប់ពីថ្ងៃនេះទៅ តារាចម្រៀង សុវត្ថិឌី ធារិកា លែងមានប៉ាម៉ាក់ហៅដូចគេទៀតហើយ នាងត្រូវរាប់រងបន្ទុកក្នុងគ្រួសារជំនួសឪពុកម្ដាយ។

បើតាមសម្ដីរបស់ប្រធានសាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា ប្អូនប្រុសរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ទើបតែបានធូរស្បើយពីការវះកាត់ខួរក្បាល ហើយ សុវត្ថិឌី ធារិកា ក៏ត្រូវជាអ្នកទទួលបន្ទុករាប់រងចំណូលចំណាយទាំងស្រុងនៅក្នុងក្រុមគ្រួសារ ដែលមានជីដូន និងប្រុសក្នុងបន្ទុក។

តាមការរៀបរាប់នៅលើហ្វេសប៊ុក អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា ៖ «យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ 2ខែមុន 😭😭😭😭😭 បន្ទុកនេះត្រូវធ្លាក់លើអូនធារីការ ( បង់រំលស់ផ្ទះ .បង់សាលាប្អូន . ការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមជីវិត 😞😞😞»។

យ៉ាងណាមិញ តារាចម្រៀង សុវត្ថិឌី ធារិកា អរគុណដល់លោក អ៊ាម វន្នី ជាពិសេសសម្រាប់ការជួយជ្រោមជ្រែងនាងតាំងពីដើមរៀងរហូតមក ហើយអរគុណចំពោះសិល្បករផ្សេងៗទៀត ដែលបានខ្នះខ្នែងជួយនាងក្នុងការរៀបចំពិធីបុណ្យសពឪពុកម្ដាយ និងអរគុណចំពោះអ្នកគាំទ្រដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕

Share.