ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​​បង្ក​ឡើង​ដោយ​រថយ​ន្ត SUV ​បើក​បរ​ដោយ​ Kim Sae Ron កាល​ពី​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​សារព័ត៌មាន​ YTN ​កាត់​យក​រូបភាព​ពីក្នុង​​កាំមេរ៉ា​សុវត្ថិភាព​ (CCTV) នៅ​កន្លែង​កើត​ហេតុ​យក​មក​ផ្សព្វផ្សាយ​ចេញ​មក​ខាង​ក្រៅ​ ក៏​​បង្ក​ឱ្យ​មាន​មតិ​សាធារណៈ​បាន​រិះគន់​លើ​តា​រា​ស្រី​នេះ​រូប​នេះ​។

នៅ​ក្នុង​រូបភាព​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​ស្រី Kim Sae Ron បាន​បត់​មក​ខាង​ផ្លូវ​ធំ​ខាង​ឆ្វេង​ ប៉ុន្តែ​ឡាន​បែរ​ជា​ជ្រុល​ចង្កូត​ហើយ​បើក​ឡើង​ខឿន​ ក្រោយ​មក​ឡាន​មិន​បាន​ឈប់​ស្ងៀម​នោះ​ទេ​ ប៉ុន្តែ​បាន​បើក​ថយ​ក្រោយ​ហើយ​បន្ត​បើក​លើ​ផ្លូវ​ជា​បន្ត​ទៀត​។

សាធារណជន​ដែល​បាន​មើល​ឃើញ​វីដេអូ​នោះ​បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​ចំពោះ​ទង្វើ​ខ្វះ​ការ​ពិចារណា​និង​ទំនួល​ខុស​ត្រូវ​របស់​តារា​ស្រី​រូប​នេះ​ ដែល​នៅ​តែ​បន្ត​បើក​បរ​ទៀត​ ដោយ​គេ​យល់​ឃើញ​ថា​ការ​បើក​បរ​បែប​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​អ្នក​បើក​បរ​ផ្សេង​ទៀត​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​។

«នាង​គួរ​តែ​ឈប់​ឡាន​ក្រោយ​កើត​មាន​គ្រោះ​ថ្នាក់​ដំបូង។ ខ្ញុំ​មិន​ចង់​ជឿ​សោះ​ថា​នាង​បាន​បើក​ឡាន​បន្ត​ទៀត​»,«វ៉ាវ! មើល​ទៅនាង​មិន​ខ្លាច​អី​សោះ​។ ខ្ញុំ​ស្ទើ​តែ​មិន​ជឿ​ទេ​ថា​នាង​នៅ​តែ​បន្ត​បើកបរ​ទៀត​ទោះ​ជា​កើត​ហេតុ​គ្រោះ​ថ្នាក់​ក្ដី​។ ចុះ​បើ​នាង​បើក​បុក​អ្នក​ធ្វើ​ដំណើរ​ថ្មើជើង​គិត​យ៉ាង​ម៉េច​?», «សំណាងណាស់​ដែល​គ្មាន​អ្នក​ណា​ម្នាក់​រងរបួស​», «បើ​កុំ​តែ​បាន​កាប៊ីន​ភ្លើង​ទប់​ប្រហែល​ជា​អាច​នឹង​មាន​កើត​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ជាងនេះ​មិន​ខាន​»,«សំណាង​ណាស់​គ្មាន​អ្នក​ណា​ម្នាក់​រងរបួស​។ ល្អហើយ​​ដែល​នោះ​គឺ​ជា​កាប៊ីន​ភ្លើង​បើ​សិន​ជា​មនុស្ស​​ប្រហែល​ជា​ទៅ​បាត់​ហើយ​។ សង្ឃឹម​ថា​ DUIs ចាត់​ការ​ដាក់​ទោស​នាង​ឱ្យ​ធ្ងន់ធ្ងរ»​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា តារា​សម្ដែង​ Kim Sae Ron ត្រូវ​បាន​​ចាត់​ទុក​ថា​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។ អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង​ថា​តារា​ស្រី​រូប​នោះ​ស្រវឹង​ខ្លាំង​រហូត​មិន​អាច​និយាយ​គ្នា​ដឹង​រឿង​។ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បដិសេធ​មិន​ព្រម​តេស្ដ​តាម​ឧបករណ៍​ផ្លុំ​ខ្យល់​ ដូច្នេះ​ហើយ​ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ក្បែរ​ៗ​នោះ​ដើម្បី​តេស្ត​ឈាម​វិញ​។

ការ​បើក​បុក​ឧបករណ៍​បញ្ជូន​អគ្គិសនី​របស់​ Kim Sae Ron បាន​ធ្វើ​ឱ្យ​ផ្ដាច់​ចរន្ត​អគ្គីសនី​ដែល​បញ្ជូន​ទៅ​ភ្លើង​សញ្ញា​ចរាចរណ៍​ បង្ក​ឱ្យ​មាន​ការ​កកស្ទះ​និង​ធ្វើ​ឱ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ធ្វើ​ការ​ត្រូវ​ពន្យាពេល​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា​នៅ​ពេល​ដែល​នាង​បើករថយន្ត​ថយ​ក្រោយ​នោះ​គឺ​ក្នុង​រថយន្ត​មាន​ដឹកមនុស្ស​មក​ជាមួយ​ដែរ​ ប៉ុន្តែ​មនុស្ស​ដែល​មក​ជួយ​នោះ​មិន​ត្រូវ​បាន​បញ្ជាក់អត្តសញ្ញាណ​ថា​ជា​អ្នក​ណា​ម្នាក់​​ឡើយ​៕

Share.