ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ក្នុង​សាល​របស់​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​មេដាយ​មាស​១០​សម័យកាល​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣សិត​ទល់១សិត នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​កម្ពុជា នៅ​ក្នុង​សិត​ទី១ ដោយ​លទ្ធផល ​២៥ទល់១៨ ហើយ​សិត​ទី២ បន្ត​ឈ្នះ​ដោយ​លទ្ធផល​២៥ទល់១៥ តែ​សិត​ទី៣ ក្រុម​កម្ពុជា យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ២៥ទល់២២ និង​សិត​ទី៤ ឥណ្ឌូណេស៊ី បន្ត​ឈ្នះ​ដោយ​លទ្ធផល​២៥ទល់១៦។

ក្រោយ​បរាជ័យ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​កម្ពុជា រង់ចាំ​អ្នក​ចាញ់​​ក្នុង​វគ្គ​ដូចគ្នា​នេះ​ដែរ រវាង​វៀតណាម ជាមួយ​ថៃ នៅ​វេលា​ម៉ោង​៥​ល្ងាច ដើម្បី​ដណ្តើម​មេដាយ​សំរឹទ្ធិ ខណៈ​ក្រុម​ឥណ្ឌូណេស៊ី រង់ចាំ​អ្នក​ឈ្នះ​រវាង​ថៃ និង​វៀតណាម ដើម្បី​ដណ្តើម​មេដាយ​មាស៕

Share.