សារព័ត៌មានត្រយងទទួលដំណឹងមកថា អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី និងត្រូវជ្រើសរើសដើរតួជា តួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយ នៅសហរដ្ឋអាមេរិចដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។
តាមការចេញផ្សាយរបស់សារព័ត៌មាន Variety បានឱ្យដឹងថា អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ គឺខែមិថុនា ឆ្នាំ២០២២ ដែលមានចំណងជើងថា «1660 Vine» ផលិតដោយផលិតកម្ម PhilmCo Media ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Toscano ។
ភាពយន្តថ្មីមួយនេះ ត្រូវបានដឹងនាំសម្ដែងដោយ អ្នកដឹកនាំរឿងនាង Patricia McGregor ពីរឿង “Skeleton Crew” របស់ Geffen Playhouse។ ចំពោះស្គ្រីបភាពយន្តត្រូវបានសរសេរដោយលោកJackson Prince ដែលជាកូនប្រុសរបស់ Jonathan Prince ។ បទចម្រៀងប្រកបភាពយន្ត និពន្ធដោយ David Lawrence និង Faye Greenberg ដែលគេស្គាល់ថា ជាក្រុមការងារសម្រាប់រឿង “Stick to the Status Quo” និងភាពយន្ត “High School Musical” ផងដែរ។
គួរបញ្ចាក់ថា អ្នកអម្ចាស់ នរោត្តម រស្មី ខែមុន្នី គឺជាបុត្រានៃសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ឯកឧត្តម កែវ ពុទ្ធរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕