«ជួយគ្នាក្នុងគ្រាក្រល្អ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ឃ្លានេះពិតជាស័ក្ដិសមនឹងប្រើក្នុងកាលៈទេសៈដែលលោក ឆន សុវណ្ណារាជកំពុងជួបទុក្ខបាត់បង់អ្នកមានគុណជាគោរពដោយជំងឺលើសឈាមនិងគាំងបេះដូង មិត្តសិល្បករជាច្រើនរូបបានបង្ហាញនូវសន្ដានចិត្តស្រលាញ់រាប់អានទៅចូលរួមពិធីបុណ្យសពដល់គេហដ្ឋាន ក៏ដូចជាផ្ញើជាសាររំលែកទុក្ខលោកផងដែរ។

ជាការពិតណាស់ខណៈនេះលោក ឆន សុវណ្ណារាជកំពុងតែស្ថិតក្នុងទុក្ខសោកនិងវិបត្តិផ្លូវចិត្តជាទម្ងន់ដែលស្រាប់តែបាត់បង់អ្នកម្ដាយមានគុណ ដូច្នេះវត្តមានរបស់មិត្តភក្ដិនិងញាតិមិត្តគឺជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់ជួយឱ្យលោកអាចឆ្លងកាត់នូវដំណាក់កាលដ៏អាក្រក់មួយក្នុងជីវិតយ៉ាងដូច្នេះ។
នៅក្នុងនោះត្រយងឃើញថាមានតារាជាច្រើនដែលបានបង្ហាញវត្តមានចូលរួមក្នុងនោះមានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា អតីតដៃគូស័ក្ដិសមដែលអ្នកគាំទ្រចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗ ក៏បានបង្ហាញវត្តមានទៅចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយលោក ឆន សុវណ្ណារាជ ផងដែរ។

ក្រៅពីនោះក៏មានលោក សុខ រ៉ាស៊ី ពិធីករល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ក៏បានបង្ហោះចែករំលែកទុក្ខនិងអរគុណដល់លោកហេង ឡុង និង អ្នកនាង ចន ចាន់លក្ខិណាដែលបានផ្ញើថវិកា២០០ដុល្លារតាមរយៈលោកចូលបុណ្យអ្នកម្ដាយលោក ឆន សុវណ្ណារាជ។
ខណៈអ្នកនាង សុគន្ធ និសា តារារួមទ្រនំដែលកំពុងតែនៅសហរដ្ឋអាមេរិកក៏បានបង្ហោះជាសារចូលរួមរំលែកមរណទុក្ខលោក ឆន សុវណ្ណារាជ ទោះជាខ្លួននៅឆ្ងាយមិនអាចទៅចូលរួមដល់គេហដ្ឋានក្ដី។

អ្នកនាង ចាន់ កែវនិមល ពិធីការិនីប្រចាំទូរទស្សន៍ ហង្សមាសក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពអ្នកម្ដាយលោក ឆន សុវណ្ណារាជ លោកស្រី លី សុខាដែរ។
កញ្ញា រ៉េត ហ្សូសាណា តារាចម្រៀងវ័យក្មេងក៏បានទៅចូលរួមរំលែកទុក្ខរបស់តារារៀមច្បងក្នុងទ្រនំហង្សមាសជាមួយនិងបានបង្ហោះជាសាររំលែកទុក្ខលើបណ្ដាញសង្គម

ក្រៅពីមិត្តភក្ដិជាតារារួមទ្រនំហើយនោះលោក ព្រាប សុវត្ថិ ថ្វីត្បិតតែបានប្ដូរផលិតកម្មថ្មីក៏បានបង្ហោះជាសាររំលែកទុក្ខចំពោះការបាត់បង់អ្នកមានគុណរបស់លោក ឆន សុវណ្ណរាជផងដែរ។
ចំណែកលោក ប៉ែន ចំរុង និង លោក ម៉ា ច័ន្ទបញ្ញា ក៏បានបង្ហោះជាសាររំលែកទុក្ខចំពោះតារាចម្រៀងលោក ឆន សុវណ្ណារាជ និង ឧទ្ទិសកុសលផលបុណ្យ ជូនអ្នកម្ដាយរបស់លោក ឆន សុវណ្ណារាជដើម្បីជូនដួងវិញ្ញាណក្ខន្ធទៅកាន់សុគតិភព។
យ៉ាងណាមិញមិនមែនមានតារា តែប៉ុណ្ណេះនោះទេដែលបានរំលែកទុក្ខចំពោះការបាត់បង់លើកនេះ ក៏នៅមានបងប្អូនសិល្បករ សិល្បការិនី បានចូលរួមរំលែកទុក្ខលោក ឆន សុវណ្ណារាជជាច្រើន រួមទាំងមហាជនគ្រប់មជ្ឈដ្ឋាន មហាជនក៏បានចូលរួមនូវមរណទុក្ខនេះដូចគ្នា៕
