តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូបានជិះយន្តហោះ និងរៀបចំពិធីមង្គលការពាក់កណ្តាលអាកាសជាមួយភ្ញៀវជាង ១៦០ នាក់ក្នុងគោលបំណងដើម្បីគេចផុតពីការរឹតត្បិតនៃជំងឺឆ្លង។

តាមរយៈ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញប្តីប្រពន្ធមួយគូ បានរៀបការក្នុងយន្ដហោះ ហើយភ្ញៀវជាច្រើនបានចូលរួមផងដែរ។

សេចក្តីរាយការណ៍និយាយថា អាជ្ញាធរអាកាសចរណ៍របស់ឥណ្ឌា បានបើកការស៊ើបអង្កេត ជុំវិញករណីនេះ។

អ្នកនាំពាក្យរបស់ SpiceJet បានប្រាប់កាសែត Indian Express ថា យន្ដហោះប៊ូអ៊ីង ៧៣៧ ត្រូវបានកក់ពីម៉ាឌូរ៉ាវទៅ Bangalore។

ឥណ្ឌាកំពុងផ្ទុះកូវីដ១៩ ហើយតំបន់ខ្លះក្នុងប្រទេសនេះ គឺមានការរឹតត្បឹត នៃការជួបជុំ ឬធ្វើពិធីផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ម៉្លោះហើយ ប្ដីប្រពន្ធមួយគូនេះ បានជួលយន្ដហោះ រៀបការលើអាកាស “អាពាហ៍ពិពាហ៍ឋានសួគ៌”។

យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ប្រទេសឥណ្ឌាកំពុងទទួលរងនូវការផ្ទុះឡើង នៃមេរោគឆ្លងវីរុសលើកទី ២ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ ម៉ឺននាក់។ អ្នកជំនាញប៉ាន់ស្មានថាចំនួនអ្នកស្លាប់ពិតប្រាកដ គឺខ្ពស់ជាងឆ្ងាយណាស់៕

ប្រភព៖ BBC

Share.