កូរ៉េខាង​ត្បូង​ – ក្រុម​ចម្រៀង​ដ៏​មាន​ឥទ្ធិពល​របស់​កូរ៉េ​ខាង​ត្បូង​ BTS នឹង​ចូលរួម​ក្នុង​កិច្ចសន្ទនា​ពិសេស​​មួយ​​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ​ស្ដី​អំពី​​​អ្នក​​ហាវ៉ៃ​សញ្ជាតិ​អាស៊ី-អាមេរិក​ និង​អ្នក​កោះ​បាស៊ីហ្វិក។

នៅ​ថ្ងៃ​​អង្គារ​ទី​៣១​ ខែ​ឧសភា ក្រុម​ BTS នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​អាមេរិក (White House) ដើម្បី​ពិភាក្សា​ពី​ប្រធានបទ​អ្នក​តំណាង​ជនជាតិ​អាស៊ី​ និង​​ ការ​កើន​ឡើង​នៃ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​ការ​ស្អប់​ខ្ពើម​​ចំពោះ​ជនជាតិ​​អាស៊ី​​ជា​ច្រើន​ឆ្នាំ​កន្លងមក​នេះ​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ BTS និង Biden ក៏​នឹង​ពិភាក្សា​គ្នា​អំពី​រឿងរ៉ាវ​ជា​ច្រើន​ផ្សេង​ទៀត​​ ដោយ​ក្នុង​នោះ​ BTS ក៏​នឹង​យក​កិត្តិនាម​​ជា​លក្ខណៈ​សកល​របស់​ខ្លួន​មក​ជួយ​ផ្សព្វផ្សាយ​សារ​នេះ​។ យ៉ាង​ណា​ចំពោះ​កិច្ចសន្ទនា​លម្អិត​ណាមួយ​នោះ​នូវ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ចេញ​​មក​ខាង​ក្រៅ​នោះ​ឡើយ​ ប៉ុន្តែ​នឹង​មាន​ផ្សព្វផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ការ​ចូលជួប​ប្រធានាធិបតី​នៅ​ White House របស់​ BTS នេះ​កើត​ឡើង​ មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​ BTS បាន​ប្រកាស​យ៉ាង​ទូលំទូលាយ​ពី​ការ​ប្រឆាំង​ចំពោះ​ការ​រើស​អើង​ពូជសាសន៍​ជនជាតិអាស៊ី​ បន្ទាប់​ពី​កើតមាន​ហេតុការណ៍​ហិង្សា​ច្រើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​។ «ពួក​យើង​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​។ អ្នក​ ខ្ញុំ និង​ពួក​យើង​ មាន​សិទ្ធ​ដើម្បី​ទទួល​បាន​ការ​គោរព​។ ពួក​យើង​ឈរជាមួយ​គ្នា​»។

កន្លងមក​​ក្រុម​ BTS ក៏​ធ្លាប់​បាន​និយាយ​ដល់​ការ​រើស​អើង​ដែល​ក្រុម​ខ្លួន​បាន​ឆ្លង​កាត់​ផង​ដែរ​៖ «ពួក​យើង​ត្រូវ​អត់​ទ្រាំ​នឹង​ការ​ជេរ​ប្រមាថ​ដោយ​​គ្មាហេតុផល​ ហើយ​ត្រូវ​បាន​គេ​សើច​ចំអក​ចំពោះ​រូបរាង​របស់​ពួក​ខ្ញុំ​ផង​ដែរ​»។ ក្រុម​នេះ​បាន​បន្ត​​ទៀត​ថា​ បទ​ពិសោធ​ទាំង​អស់​នេះ​វា​គ្រប់​គ្រាន់​ធ្វើ​យើង​មាន​អារម្មណ៍​ថា​គ្មាន​អំណាច​និង​ទាញ​យើង​ឱ្យ​ចេញ​ឆ្ងាយ​ពីការ​គោរព​ខ្លួន​ឯង​ … អ្វី​ដែល​កើត​ឡើង​ពេល​នេះ​មិន​អាច​ដកយើងចេញ​ពីអត្តសញ្ញាណ​នៃជនជាតិអាស៊ី​របស់​យើង​ឡើយ​។

ក្រៅ​ពី​ការ​ត្រៀម​ខ្លួន​ចូលជួប​ប្រមុខ​ដឹកនាំ​កំពូល​របស់​អាមេរិក​ហើយ​នោះក្រុម​ចម្រៀង BTS ក៏​នឹង​ត្រៀម​ចេញ​អាល់ប៊ុម​ Anthology នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ខាងមុខ​នេះ​ផង​ដែរ​៕

ប្រភព៖ AP

Share.