ច្បាប់ចរាចរណ៍មានវិសាលភាពអនុវត្តទូទាំងប្រទេស។ អ្នកបើកបរ និងអ្នកធ្វើដំណើរទាំងឡាយត្រូវតែគោរពច្បាប់នេះ។ នៅភ្នំពេញ និងបណ្ដាក្រុងនានានៅកម្ពុជាខ្លះ ពលរដ្ឋ រួមទាំងសិស្សានុស្សិស្ សធ្វើដំណើរទៅមកសាលារៀន គឺភាគច្រើនបានគោរពច្បាប់នេះយ៉ាងខ្ជាប់ខ្ជួន ពិសេសការពាក់មួកសុវត្ថិភាព។ ប៉ុន្តែនៅតំបន់ជនបទ សិស្សសាលាភាគច្រើនមិនគោរពច្បាប់ទេ មិនពាក់មួកសុវត្ថិភាពទេ ទាំងដែលពួកគេត្រូវធ្វើដំណើរទៅទទួលការអប់រំនៅសាលារៀន។

នៅពេលដែលភាគច្រើនៃសិស្សសាលាជនបទ ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ មិននិយមពាក់មួកសុវត្ថិភាពពេលធ្វើដំណើរទៅនិងមកសាលារៀន បញ្ហានេះវាហាក់ក្លាយជាទម្លាប់ធម្មតាមួយបាត់ទៅហើយ។ តើមកពីសមត្ថកិច្ចនគរបាលមូលដ្ឋានទាំងនោះមិនអនុវត្តច្បាប់? មកពីសាលារៀនមិនបានអប់រំពីបញ្ហានេះ? មកពីឪពុកម្ដាយ និងសាមីសិស្សមិនដឹង ឬមិនយល់ពីបញ្ហានេះ? ចម្លើយប្រហែលមិនមែនច្នេះទេ! ម្នាក់ៗសុទ្ធតែដឹងថាខុសច្បាប់! សុទ្ធតែដឹងថាគ្រោះថ្នាក់ណាស់! ប្រសិនបើជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ ប៉ុន្តែមកពីម្នាក់ៗគិតថាវាធម្មតាទៅហើយ ព្រោះស្រុកជនបទគេធ្វើដំណើរមិនជាពាក់មួកសុវត្ថិភាពតែដូច្នេះ ឬនៅសាលាណាក៏ដូចសាលាណា…។

ម្យ៉ាងដែរ បើការធ្វើដំណើរជាទូទៅនៅជនបទពលរដ្ឋភាគច្រើនមិនពាក់មួកសុវត្ថិភាព។ ជាការពិត មិនពាក់មួកគឺខុសច្បាប់។ ប៉ុន្តែអាចថាមកពីផ្លូវជនបទមិនសូវមានហានិភ័យ ឬពលរដ្ឋធ្វើដំណើរនៅជនបទគឺជាដំណើរជិតៗ ក្នុងភូមិ ឆ្លងភូមិ ទៅស្រែ ឬទៅចម្ការ ឬក្នុងដំណើរបែបទំនាក់ទំនងសហគមន៍ធម្មតាៗ។ ប៉ុន្តែវាចម្លែកត្រង់ថាសិស្សដែលជាសត្យានុម័តគឺជាធនធានមនុស្សដែលត្រូវទទួលការអប់រំជាអចិន្រ្តៃយ៍ បែរជាធ្វើដំណើរទៅទទួលការអប់រំ ឬទៅរៀនទៅសូត្រដើម្បីមានចំណេះដឹង និងក្លាយជាពលរដ្ឋល្អនៃសង្គមជាតិ ទៅជាជនបំពានច្បាប់ជាតិជារៀងរាល់ថ្ងៃ ទាំងដែលមេរៀននៅសាលាក៏សុទ្ធតែមានអប់រំអំពីបញ្ហារឿងចរាចរណ៍។ តើវាមិនចម្លែកទេឬ…?

តើអនាគតពួកគេ នឹងស្ថិតនៅលើគន្លងផ្លូវបែបណាទៅថ្ងៃខាងមុខ បើពេលពួកគេកំពុងទទួលការអប់រំ ពួកគេបែរក្លាយជាជនបំពានច្បាប់ជារៀងរាល់ថ្ងៃទៅហើយនោះ។ មានរឿងច្រើនអាចឱ្យពួកគេជួបរឿងមិនល្អ ឬទទួលបានពីបច្ច័យអវិជ្ជមានកើតចេញពីនៃដំណើរជីវិតសិក្សាដែលសូម្បីតែច្បាប់ចរាចរណ៍ក៏គោរពមិនបានដូចសព្វថ្ងៃ។ ត្រឡប់មកវិញ ប្រសិនបើផ្នត់គំនិតសិស្សសាលាទាំងនោះ បានជ្រួបជ្រាបអំពីច្បាប់ចរាចរណ៍ ហើយពួកគេគោពច្បាប់ចរាចរណ៍ ស្គាល់គ្រោះថ្នាក់សង្គម និងចេះយល់ពីហានិភ័យនៃជីវិត តាំងពីវ័យសិក្សានេះទៅ ដំណើរជីវិតពួកគេអាចជួបរឿងល្អៗច្រើន ដោយហោចណាស់ក៏ក្លាយជាបុគ្គលដែលមានទម្លាប់ពាក់មួកសុវត្ថិភាពនាំឱ្យចៀសផុតពីគ្រោះថ្នាក់បានដែរ។

ដូច្នេះ សង្ឃឹមថាសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកនានានៅជនបទត្រូវបង្កើនការអប់រំ និងអនុវត្តច្បាប់តាមគោលដៅសាលារៀន ដោយហោចណាស់ក៏អនុវិទ្យាល័យទៅដែរ។ បើមិនបានដាក់កម្លាំងរាល់ថ្ងៃ ក៏គួរឆ្មក់មួយខែម្ដង នៅតាមផ្លូវក្បែរសាលារៀន ដើម្បីផាកពិន័យរាល់សិស្សទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាព គឺអនុវត្តតរហូតពួកគេយល់ថាមិនពាក់មកសាលារៀនលែងជារឿងធម្មតាហើយ។ ឪពុកម្ដាយវិញ គួរលើកទឹកចិត្តកូន ទិញមួកសុវត្ថិភាពឱ្យកូនពាក់ ព្រោះយើងទិញម៉ូតូឱ្យកូនធ្វើដំណើរទៅរៀនបានស្រួល ហេតុអ្វីមិនឱ្យកូនពាក់មួកសុវត្ថិភាពរក្សាជីវិត។ សាលារៀនដូចគ្នាដែរ គណៈគ្រប់គ្រងគួរប្រជុំដាក់កំហិតឱ្យសិស្សដែលជិះម៉ូតូតមកសាលារៀនមិនពាក់មួកសុវត្ថិភាព​មិនអាចចូលរៀនបាន ឬមានវិធីណាក៏បានឱ្យតែសមរម្យ។ ពួកយើងទាំងអស់គ្នាជាសិស្សក៏ដូចគ្នាដែរ ត្រូវដឹងថាយើងកំពុងធ្វើខុសច្បាប់ យើងកំពុងយកជីវិតទៅប្រថុយលើដងផ្លូវជារៀងរាល់ថ្ងៃ៕

អត្ថបទពីលោក សំ ប្រសើរ

សម្រួលដោយត្រយង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.