ឯកឧត្តម Andres Pastrana បានដឹកនាំប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ នៅកម្ពុជាជាថ្មីទៀត។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម Andres Pastrana ក្នុងជំនួបជាមួយម្ដេចតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តម Andres Pastrana បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថាលើកទី១ដែលប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ មកចូលមសង្កេតការណ៍នោះ គឺនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ លើកទី២នៅក្នុងការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ និងលើកទី៣នេះគឺនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២នេះ។

ឯកឧត្តម Andres Pastrana បានជូនពរអោយដំណើរការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃស្អែកនេះ បានដំណើរការដោយរលូន និងប្រកបដោយភាពជោគជ័យ និងបានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។

ឯកឧត្តម Andres Pastrana និងប្រតិភូក៏បានចូលរួមរំលែកមរណទុក្ខជាមួយសម្ដេចតេជោ និងក្រុមគ្រួសារចំពោះការមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង និងក៏បានចូលរួមអបអរសាទរចំពោះការចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានយកជោគជ័យរបស់ប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រផ្ការីកដែលសម្ដេចបានដាក់ចេញ។

នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយកររដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកមរណទុក្ខពីឯកឧត្តម និងប្រតិភូ និងបានមានប្រសាសន៍ទៅកាន់ប្រតិភូថា តាមរយៈ វិធានធានការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យនេះហើយទើបធ្វើអោយកម្ពុជាអាចរៀបចំដំណើរការបោះឆ្នោត ឃុំ សង្កាត់ បាននាពេលនេះ។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ថ្ងៃនេះ រយៈពេលជាង ២០ថ្ងៃហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ឆ្លងថ្មីនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម Andres Pastrana ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃស្អែកនេះ៕

Share.