សន្លឹកឆ្នោត និងសម្ភារបម្រើឱ្យការបោះឆ្នោត បានដឹកទៅដល់ការិយាល័យបោះឆ្នោតរួចរាល់អស់ហើយ។ នេះបើតាមឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការអះអាងពីប្រមុខ គ.ជ.ប បានធ្វើឡើងនារសៀលថ្ងៃទី៤ ខែមិថុនានេះ ក្នុងពេលដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលបោះឆ្នោតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល និងវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ និងត្រូវបានចេញផ្សាយដោយAKP។ 

បើតាមឯកឧត្តម ប្រាជ្ញ ចន្ទ ការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈទៅតំបន់ខ្លះបានជួបភ្លៀង និងខ្យល់ ប៉ុន្តែ«មន្ត្រីបានកែច្នៃប្រកបដោយភាពរស់រវើក ចល័តការិយាល័យទាន់ពេល ដោយមិនឱ្យរាំងស្ទះដំណើរការបោះឆ្នោតនៅថ្ងៃស្អែកឡើយ»។

ឯកឧត្តមបន្តថាតំបន់ដែលមានស្ថានភាពផ្លូវពិបាកក្នុងការដឹកសន្លឹកឆ្នោត និងសម្ភារបម្រើឱ្យការបោះឆ្នោតចូលទៅដល់គឺត្រូវបានប្រើប្រាស់ឧទ្ធម្ភាគចក្រជាមធ្យោបាយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាស្អែកនេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣ រសៀល។ តាម គ.ជ.ប ការបោះឆ្នោតនេះមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន២សែននាក់។

ការបោះឆ្នោតនេះមានអ្នកសង្កេតការណ៍ជាតិចូលរួមឃ្លាំមើលជាង៧ម៉ឺន៥ពាន់នាក់ អ្នកសង្កេតការណ៍អន្តរជាតិជាង១០០នាក់។ ដោយឡែកក៏មានភ្ញៀវពិសេស២៣នាក់មកពីស្ថានទូតជប៉ុន ស្ថានទូតអូស្ត្រាលី និងស្ថានទូតរុស្ស៊ី ចូលរួមពិនិត្យមើលការបោះឆ្នោតក្នុងឋានៈជាភ្ញៀវពិសេស៕

Share.