នៅវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ការិយាល័យបោះឆ្នោត ទាំង ២៣ ៦០២ នៃរាជធានី ខេត្តទាំង ២៥ បានបើកដំណើរការស្របតាមការកំណត់ សម្រាប់ឱ្យ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ឲ្យដឹងនៅថ្ងៃទី ០៥ មិថុនា ២០២២នេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតសកល ដែលមានការចូលរួម បោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការនៃឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។ អ្នកបោះឆ្នោតត្រូវយកមក ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯអ) ប្រសិនបើអ្នកបោះឆ្នោតពុំមាន អ.ខ។

អ្នកបោះឆ្នោតត្រូវតម្រូវឱ្យឈរបន្តគ្នាជាជួរនៅខាងមុខការិយាល័យ ដើម្បីចូលទៅបោះឆ្នោត តាមលំដាប់។ ដោយឡែក ព្រះសង្ឃមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច ជនមាន ពិការភាព និងអ្នកមានជំងឺ ត្រូវបានផ្ដល់អាទិភាព។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ៣:០០នាទីរសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅត មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតក្នុងបរិវេណខាងក្នុង ការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធាន ការិយាល័យបោះឆ្នោតអាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០នាទីរសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យ បោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

សូមជម្រាបជូនថា តាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត គឺមានចំនួនសរុប ៩.២០៥.៦៨១ នាក់ ខណៈការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន ២៣៦០២ ការិយាល័យ៕

Share.